(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ បានចូលរួមបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន០៣ខ្សែ ដែលមានប្រវែងសរុប ១១៥៨ម៉ែត្រ ស្ថិតក្នុងគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០១៦ ក្នុងសង្កាត់ព្រៃវែង សង្កាត់ព្រៃស និងសង្កាត់ពងទឹក ខណ្ឌដង្កោ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋរាប់រយគ្រួសារ នៅតំបន់នោះ។
លោកអភិបាលខណ្ឌ បានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ លើគ្រប់វិស័យក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ជាក់ស្តែងការបើកការដ្ឋានស្ថាបនាផ្លូវបេតុងថ្មីចំនួន៣ខ្សែ នាពេលនេះ គឺបានបង្ហាញអំពីការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តថ្មីបន្ថែមទៀត ក្នុងមូលដ្ឋានយើង។ តាមរយៈផ្លូវបេតុងថ្មីដែលបើកការដ្ឋានស្ថាបនានាពេលនេះ គឺជាសមិទ្ធផលថ្មីដែលនឹងជួយសម្រួលដល់ការធ្វើដំណើរ ប្រកបរបរចិញ្ចឹមជីវិត និងកាត់បន្ថយការប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ។
លោក នុត ពុធដារ៉ា ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ សូមយោគយល់អធ្យាស្រ័យចំពោះផលប៉ះពាល់តិចតួច ដែលបណ្តាលមកពីការស្ថាបនាផ្លូវ និងសូមជួយតាមដាន និងរាយការណ៍អំពីការស្ថាបនាផ្លូវនេះ ដើម្បីជាប្រយោជន៍របស់បងប្អូន ដែលជាអ្នកប្រើប្រាស់ផ្លូវនេះផ្ទាល់។ លោកអភិបាលក៏បានណែនាំដល់ក្រុមហ៊ុនដែលទទួលស្ថាបនាផ្លូវ សូមអនុវត្តឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងធ្វើឲ្យបានរហ័ស ដើម្បីដាក់ជូនប្រជាពលរដ្ឋបានប្រើប្រាស់។
ផ្លូវចំនួន៣ខ្សែ ដែលត្រូវបើកការដ្ឋានស្ថាបនាក្នុងពេលនេះ គឺជាផ្លូវបេតុងស្ថិតក្នុងគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ឆ្នាំ២០១៦ រួមមាន៖
- សង្កាត់ព្រៃវែង មានប្រវែង ៤៦៩ម៉ែត្រ ទទឹង ៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងភូមិព្រៃវែងកើត
- សង្កាត់ព្រៃស មានប្រវែង ៤៣៩ម៉ែត្រ ទទឹង ៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងភូមិប្រការ
- សង្កាត់ពងទឹក មានប្រវែង ២៥០ម៉ែត្រ ទទឹង ៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងភូមិស្រែញរ៍៕