(ភ្នំពេញ)៖ លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អនុញ្ញាតឲ្យលោកស្រីបណ្ឌិត ឌីវីយ៉ានី អ៊ុតាម ខប្រាហ្គេដ (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ។

លោកស្រីឯកអគ្គរដ្ឋទូត បានសម្តែងនៅការអបអរសាទរ លោករដ្ឋមន្រ្តី ដែលត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន តួនាទីជារដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា។

ដោយឡែក សម្រាប់គោលបំណងនៃជំនួបនាឱកាសនេះ លោកស្រីគោលមានបំណង ជំរុញ​និងចងសម្ព័ន្ធមេត្រីភាព រវាងកម្ពុជា និងប្រទេសឥណ្ឌា តាមរយៈក្រសួងធម៌ការ និងសាសនាកម្ពុជា និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ដើម្បីចុះអនុស្សារណៈយោគយល់គ្នាលើលិខិតចំនួន ទាក់ទងទៅនឹងវិស័យព្រះពុទ្ធសាសនា និងស្នើសុំលោករដ្ឋមន្រ្តី ចុះកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលមន្រ្តីរាជការរបស់ក្រសួង នៅវគ្គសិក្សាខ្លី ស្តីពីអភិបាលកិច្ចល្អនៅប្រទេសឥណ្ឌា ព្រមទាំងបានស្នើលោករដ្ឋមន្រ្តី អញ្ជើញចូលរួមជាអធិបតីនៅកម្មវិធី សូត្រព្រះត្រៃបិដក ប្រារព្ធធ្វើឡើងនៅប្រទេសឥណ្ឌា ដែលធ្វើឡើងជារៀងរាល់១០ឆ្នាំម្តង ក្នុងនោះក៏មានវេនរបស់ប្រទេសកម្ពុជាធ្វើជាម្ចាស់កម្មវិធីផងដែរ។

ជាការឆ្លើយតប លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា សូមថ្លែងអំណរគុណ ចំពោះលោកស្រីឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា ដែលកន្លងមកបានផ្តល់កុំព្យូទ័រ មកដល់ពុទ្ធិកសកលវិទ្យាល័យ ព្រះសីហនុរាជ ដើម្បីជាធនធានក្នុងការបណ្តុះបណ្តាលដល់សមណនិស្សិត និស្សិត និងសូមថ្លែងអំណរគុណចំពោះលោកស្រី ដែលបានស្វះស្វែងនៅការបន្តចុះកិច្ចសហប្រតិបត្តិការជាមិត្តភាព ដែលមានស្រាប់ រវាងកម្ពុជា និងឥណ្ឌា។

ក្នុងឱកាសនេះ លោករដ្ឋមន្រ្តី បានទទួលការអញ្ជើញពីលោកស្រី នៅការចូលរួមក្នុងកម្មវិធី វិបស្សនាអន្តរជាតិ ដែលប្រារព្ធធ្វើនៅរាជធានីភ្នំពេញ សម្រាប់ពេលវេលា លោកស្រីសូមជម្រាបនៅពេលក្រោយ។

ដោយឡែក លោករដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានជម្រាបជូនផងដែរថា លោកនឹងជំរុញដល់មន្រ្តីជំនាញសិក្សាលើសំណើសុំ ដង្ហែព្រះបរមសេរិរិកធាតុពីប្រទេសឥណ្ឌា ឆ្លងកាត់ប្រទេសកម្ពុជា ឲ្យបានឆាប់រហ័ស និងល្អិតល្អន់ ដោយលោកបានបញ្ជាក់ផងដែលថា ពិធីបង្ហែនេះ ជាចាត់ទុកថា ជាកម្មវិធីថ្នាក់ប្រទេស និងប្រទេស ដូចនេះលោកសូមពេលវេលាដើម្បីសិក្សាលំអិតជាមុនសិន។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ លោកចាយ បូរិន សង្ឃឹមថា ចំណងមិត្តភាព រវាងកម្ពុជា និងឥណ្ឌា ដែលមានសម្រាប់លើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ កាន់តែរឹងមាំឡើងថែមទៀត ពិសេសតាមរយៈក្រសួងធម្មការ និងសាសនា នឹងជំរុញបន្ថែមលើវិស័យព្រះពុទ្ធសាសនា ក្នុងនាមយើងជាប្រទេសកាន់វិស័យព្រះពុទ្ធសាសនាដូចគ្នា៕