(ភ្នំពេញ)៖ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានទទួលជួបទ្វេភាគីជាមួយគណៈប្រតិភូខេត្តហឺណាន ដឹកនាំដោយលោកស្រី Qu Xiaoli សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិន ខេត្តហឺណាន, ជាលេខាធិការ នៃគណៈកម្មការអធិការកិច្ចវិន័យ នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តហឺណាន និងជាប្រធានគណៈកម្មការ ត្រួតពិនិត្យកិច្ចការខេត្តហឺណាន។
ជំនួបនេះបានធ្វើឡើងនៅអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា ដោយភាគីគណៈប្រតិភូខេត្តហឺណាន មានការចូលរួមអមដំណើរដោយលោក Wang Junfeng សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការវិន័យនៃបក្សកុម្មុយនិស្តចិន ខេត្តហឺណា, លោក Li Bingbing នាយករងការិយាល័យកិច្ចការបរទេស នៃរដ្ឋបាលខេត្តហឺណាន លោក Zhang Hao សមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍ នៃបក្សកុម្មុយនិស្តចិន ខេត្តស៊ីនជាំង, លេខាធិការ នៃគណៈកម្មការអធិការកិច្ចវិន័យបក្សកុម្មុយនិស្តចិន ក្រុងស៊ីនជាំង រួមទាំងមានអ្នកពាក់ព័ន្ធភាគីកម្ពុជាជាច្រើនរូបទៀត។
លើកឡើងនាឱកាសនោះ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ក្នុងនាមរាជរដ្ឋាភិបាល បានស្វាគមន៍យ៉ាងកក់ក្តៅទៅកាន់ប្រតិភូខេត្តហឺណាន ដែលបានមកកាន់ព្រះរាជាណាចក្រកម្ពុជា និងអង្គភាពប្រឆាំងអំពើពុករលួយ និងបានបញ្ជាក់ថា តាំងពីឆ្នាំ១៩៩៩ មក ACU មានមុខព្រួញតែពីរ គឺអប់រំ បង្ការនិងទប់ស្កាត់ ហើយក្រោយរដ្ឋសភាបង្កើតច្បាប់ប្រឆាំងអំពើពុករលួយនៅឆ្នាំ២០១០ បានបន្ថែមមុខព្រួញមួយទៀតគឺ អប់រំ បង្ការនិងទប់ស្កាត់ និងបង្ក្រាបបញ្ជូនទៅតុលាការ។
លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ក៏បានបញ្ជាក់ទៅកាន់ប្រតិភូខេត្តហឺណានទៀតថា ស្ថាប័នប្រឆាំងអំពើពុករលួយ ជាស្ថាប័នឯករាជ្យ ដែលមានតួអង្គសំខាន់ៗដូចជា ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ជាអ្នកដាក់ចេញគោលនយោបាយយុទ្ធសាស្ត្រ និងអង្គភាពប្រឆាំងអំពើពុករលួយ ជាអ្នកអនុវត្តផែនការសកម្មភាព។
បន្ថែមពីនេះលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ក៏ថ្លែងអំណរគុណតាមរយៈគណៈប្រតិភូ ផ្ញើជូនគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងគណៈកម្មការអធិការកិច្ចវិន័យបក្សកុម្មុយនិស្តចិនខេត្តហឺណាន និងគណៈកម្មការត្រួតពិនិត្យកិច្ចការខេត្តហឺណាន ដែលធ្លាប់បានជួយឧបត្ថម្ភគាំទ្រកម្ពុជា និងបានប្រកាសគាំទ្រចំពោះការសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍ត្រង់ទៅ ត្រង់មក រវាងប្រតិភូខេត្តហឺណាន និងអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។
នាឱកាសនោះដែរ លោកស្រី Qu Xiaoli ក៏បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានជួបជុំជាមួយលោកទេសរដ្ឋមន្ត្រី និងសហការី និងបានអះអាងថា ទំនាក់ទំនងចិន-កម្ពុជា មានចំណងមេត្រីរាប់ពាន់ឆ្នាំមកហើយ ហើយឆ្នាំនេះថ្នាក់ដឹកនាំទាំងពីរ លោកប្រធានាធិបតី ស៊ី ជិនពីង និងសម្តេចតេជោ ហ៊ុន សែន បានរំឭកមិត្តភាពថា ជាឆ្នាំមិត្តភាព និងការមកទស្សនកិច្ចរបស់គណៈកម្មការខេត្តហឺណាន មកកាន់ ACU ក៏ជាឆ្នាំមិត្តភាពដែរ។
លោកស្រី Qu Xiaoli ក៏បន្ថែមថា លោកស្រីពិតជាបានទទួលអត្ថប្រយោជន៍ច្រើន ពីទស្សនកិច្ចនៅ ACU នេះ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ហើយគណៈកម្មការប្រឆាំងអំពើពុករលួយចិន និង ACU នៅតែមានទំនាក់ទំនងល្អជាមួយគ្នា សហប្រតិបត្តិការការជាមួយគ្នាបានល្អ ក្នុងគោលដៅរួមគ្នាប្រឆាំងអំពើពុករលួយឲ្យបានល្អប្រសើរ។
លោកស្រី ក៏បានបញ្ជាក់ដែរថា គណៈកម្មការអធិការវិន័យបក្សកុម្មុយនិស្តខេត្តហឺណានចិន បានអនុវត្តគោលនយោបាយរបស់បក្សកុម្មុយនិស្តចិនយ៉ាសកម្ម រឹតបន្តឹងចំពោះច្បាប់ប្រឆាំងអំពើពុករលួយ មិនលើកលែងអ្នកប្រព្រឹត្តអំពើទុច្ចរិត ដោយអនុវត្តគោលការណ៍ មិនហ៊ានពុករលួយ មិនចង់ពុករលួយ និងមិនអាចពុករលួយ និងប្រគោលការណ៍ «វ៉ៃខ្លា ទះរុយ និងចាប់កព្ជ្រោង»។ បន្ថែមពីនេះលោកស្រីក៏បានគោរពអញ្ជើញលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង និងសហការី ទៅធ្វើទស្សនកិច្ចនៅខេត្តហឺណាន ប្រទេសចិនផងដែរ។
នៅចុងបញ្ចប់នៃជំនួបនេះ ភាគីទាំង២ ក៏បានធ្វើការផ្លាស់ប្តូរនូវវត្ថុអនុស្សាវរីយ៍ទៅវិញទៅមក ដើម្បីជាការបញ្ជាក់នូវចំណងមិត្តភាពជាមួយគ្នាដ៏រឹងមាំ តរៀងទៅផងដែរ៕