(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃសាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានប្រាប់ទៅកាន់ថ្នាក់ដឹកនាំ មន្ត្រីនៃសាលាភូមិន្ទរដ្ឋបាល និងមន្ត្រីពាក់ព័ន្ធ ត្រៀមស្មារតី និងឆន្ទៈ ក្នុងការចូលរួមការងារកែទម្រង់ការប្រឡងជ្រើសរើសមន្ត្រី ដែលជាការងារអាទិភាព ដោយឈរលើមូលដ្ឋានការដឹកនាំដោយគោលការណ៍ និងការចូលរួមទាំងអស់គ្នា។

ការលើកឡើងនឹងលើនេះ ស្របពេលដែលលោករដ្ឋមន្ត្រី លើកឡើងជូនអង្គប្រជុំនូវបេសកម្ម និងការងារអាទិភាពឆ្ពោះទៅមុខ ជាពិសេសលើកិច្ចការកែទម្រង់ប្រព័ន្ធជ្រើសរើសមន្ត្រីរាជការចូលបម្រើការ ដែលទាមទារការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីសាលាភូមិន្ទរដ្ឋបាល និងអង្គភាពពាក់ព័ន្ធនានា ព្រមទាំងការគាំទ្រពីសាធារណជនផងដែរ។

លោករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា «គ្រប់មជ្ឈដ្ឋាន និងក្រសួង ស្ថាប័ននានា បានទទួលស្គាល់គុណភាព នៃការជ្រើសរើស បណ្ដុះបណ្ដាល និងសមត្ថភាពនៃមន្ត្រីរាជការដែលឆ្លងកាត់សាលាភូមិន្ទរដ្ឋបាល»

ទន្ទឹមគ្នានេះ លោក ហ៊ុន ម៉ានី ក៏បានលើកឡើងផងដែរថា បេសកកម្មឆ្ពោះទៅការកែទម្រង់ការប្រឡងចូលជាមន្ត្រីរាជការ ប្រាកដណាសជាជួបបញ្ហាប្រឈម និងភាពស្មុគស្មាញនានា ដែរទាមទារអោយយើងត្រូវតែរួមគ្នាធ្វើ និងដោះស្រាយ។ កំណែទម្រង់នាពេលនេះ គឺជាការចូលរួមចំណែកគិតគូរលើការទ្រទ្រង់សេដ្ឋកិច្ចជាតិ ការបង្កើនបរិយាកាសស្មើភាព និងយុត្តិធម៌សង្គម និងការបង្ហាញឆន្ទៈដឹកនាំផ្តល់ដំណោះស្រាយជូនប្រជាជន និងការគិតគូរសម្រាប់អ្នកជំនាន់ក្រោយ។

សូមជម្រាបថា លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលសហសិក្សា, សាលាភូមិន្ទរដ្ឋបាល ដោយក្នុងជំនួបនាពេលនេះ មានវត្តមានចូលរួមពីសំណាក់លោក លោកស្រី ជានាយក នាយករង ប្រធាននាយកដ្ឋាន មន្ត្រីក្របខណ្ឌ និងមន្ត្រីកិច្ចសន្យា សរុបប្រមាណ៨០នាក់៕