(ភ្នំពេញ)៖ មន្រ្តីសាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ កាំកុងត្រួលរាជធានីភ្នំពេញ និងមន្រ្តីមន្ទីរពាណិជ្ជកម្ម បានចុះត្រួតពិនិត្យគ្រឿងសមុទ្រ ដែលដាក់លក់នៅ តាមបណ្តោយផ្លូវលេខ៥៩៨ ហៅថាផ្លូវត្រឡោកបែក ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦នេះ តែជាលទ្ធផលមិនរកឃើញសារធាតុគីមីនោះទេ។
លោក ជី រដ្ឋា អនុប្រធានសាខា បានឲ្យដឹងថា មន្រ្តីរបស់ខ្លួនចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ ជាពិសេសទៅលើផលិតផលគ្រឿងសមុទ្រ ដែលមិនទាន់ចំអិន ឬមិនទាក់កែច្នៃ រួមមាន បង្គារ មឹក និងផលិតផលគ្រឿងសមុទ្រមួយចំនួនទៀត ដែលកំពង់ចរាចរដាក់លក់នៅតាមផ្ទះ និងដេប៉ូ។
លោកបានបញ្ជាក់ថា ជាលទ្ធផលពុំមានឃើញប្រើប្រាស់សារធាតុហាមខាតនោះឡើយ ប៉ុន្ដែមន្រ្តីកាំកុងត្រូល បានយកគំរូផលិតផលគ្រឿងសមុទ្រ មកធ្វើការវិភាគនៅមន្ទីរពិសោធន៍ រកសារធាតុគីមី ហ្វ័រម៉ាលីន ( Formalin) នៅក្នុងផលិតផលទាំងនេះ ដើម្បីមានវិធានការសមស្របទៅតាមច្បាប់ចំពោះ អាជីវករណាដែលលួចដាក់នូវសារធាតុគីមីដែលច្បាប់បានហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់សុខភាពសារធារណជន។
លោកអនុប្រធានសាខាបន្ថែមថា សារធាតុហ្វ័រម៉ាលីន (Formalin) នេះត្រូវបានហាមមិនឲ្យប្រើនៅក្នុងចំណីអាហារ ហើយផលប៉ះពាល់របស់វាអាចបង្កឲ្យមានជម្ងឺមហារីក គ្រោះថ្នាក់ដល់ក្រលៀន ប្រតិកម្មចំណីអាហារ សន្លប់បាត់ស្មារតី ឬស្លាប់បាន។
ជាងនេះទៅទៀត លោកអនុប្រធាន បានធ្វើការណែនាំដល់ អ្នកលក់ និងអ្នកទិញ ត្រូវដឹងពីអត្តសញ្ញាណ ប្រភពអាស័យដ្ឋាន របស់អ្នកដែលយកមកលក់ឲ្យខ្លួន ឬវិក្កយបត្រទូទាត់ឲ្យបានត្រឹមត្រូវជាព័ត៌មាន ដើម្បីបង្កលក្ខណៈងាយស្រួល ដល់សមត្ថកិច្ចកាំកុងត្រូល ក្នុងការចុះស្រាវជ្រាវ និងតាមដាន ដើម្បីមានវិធានការទៅតាមច្បាប់ចំពោះអ្នកលក់ ឬអ្នកចែកចាយផលិតផល ដែលមានសារធាតុហ្វ័រម៉ាលីន (Formalin) នេះ៕