(ភ្នំពេញ)៖ ក្រុមការងារសាលាខណ្ឌច្បារអំពៅដឹកនាំដោយលោក អ៊ាង ស៊ីផាន អភិបាលខណ្ឌ និងលោក ថេង ស៊ីថុល អភិបាលរងខណ្ឌ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦នេះ បានចុះពិនិត្យគម្រោងដាក់លូប្រអប់ និងស្ថាបនាផ្លូវបេតុង នៅការដ្ឋានព្រែកបារាំង ជំហ៊ានទី២ ស្ថិតក្នុងសង្កាត់និរោធ។
លោក ញាណ ចាន់សោភា នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅ បានបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវ ដាក់ប្រព័ន្ធលូ និងសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់នេះ គឺជាគម្រោងរបស់សាលារាជធានីភ្នំពេញ ដែលមានផែនការក្នុងការអនុវត្តជំហ៊ានទីមួយ គឺដាក់លូជ្រុងមុខកាត់០៦ម៉ែត្រ x ០៤ម៉ែត្រ និងស្ថាបនាផ្លូវបេតុងនៅលើលូជ្រុងមានទទឹង១៦ម៉ែត្រ បណ្តោយ៧០៥ម៉ែត្រ ព្រមទាំងកសាងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ចំណុចមាត់ទន្លេបាសាក់ ដើម្បីរំដោះទឹកជំនន់ក្នុងដូវវស្សា ដែលតែងតែលិចលង់ផ្ទះសម្បែង របស់ប្រជាពលរដ្ឋ ក្នុងសង្កាត់និរោធ និងក៏ដើម្បីបញ្ជៀសចរាចរណ៍របស់ប្រជាពលរដ្ឋនៅសង្កាត់ផ្សេងៗទៀតផងដែរ។
ជាមួយគ្នានេះ លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់ក្បាលដីនៅតាមមាត់ព្រែកបារាំង ដែលបានចូលរួមសហការ រុះរើសំណង់ដែលប៉ះពាល់គម្រោង តាមការកំណត់របស់សាលារាជធានីភ្នំពេញ៕