(ភ្នំពេញ)៖ យុវជនម្នាក់ត្រូវបានបុរសជាឪពុករបស់ក្មេងស្រីរងគ្រោះ ចាប់ក្របួចជាប់ប្រគល់ឲ្យនគរបាលប៉ុស្ដិ៍ទួលសង្កែ ខណ្ឌឫស្សីកែវ ដើម្បីសួរនាំពាក់ព័ន្ធករណីល្បួងកូនស្រីគាត់ ជាអនីតិជនមានវ័យទើបតែ១២ឆ្នាំ រួចគេចខ្លួនបាត់រយៈពេល២ថ្ងៃ ដោយពុំដឹងពីមូលហេតុ ហើយមកដល់រសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦នេះ នៅរកពុំទាន់ឃើញនៅឡើយទេ នាំឲ្យក្រុមគ្រួសារទាំងមូលមានការព្រួយបារម្ភយ៉ាងខ្លាំង។
បុរសជាឪពុកក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់មានឈ្មោះ ប ព ស មានអាយុទើបតែ១២ឆ្នាំប៉ុណ្ណោះ និងជាសិស្សរៀននៅសាលាឯកជនសុវណ្ណភូមិ ស្នាក់នៅផ្ទះលេខ៤៦៧A ផ្លូវលេខ៩០៧ ក្រុមទី១៦ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
មុនពេលកើតហេតុពោលនៅថ្ងៃទី៥ ខែសីហា កន្លងទៅនេះ ជនសង្ស័យបានបបួលកូនស្រីរបស់គាត់ ទៅរកទិញសំលៀកបំពាក់ នៅម្ដុំផ្សារសាំហាន់ហើយក៏នាំគ្នាមកផ្ទះវិញ លុះមកដល់ថ្ងៃទី០៦ ខែសីហា នាពេលរសៀល ជនសង្ស័យ បានល្បួងនាំកូនស្រីរបស់គាត់ ម្តងទៀតដោយជិះម៉ូតូ១គ្រឿងម៉ាក HONDA ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ 1CM-1561 ចេញពីផ្ទះបាត់រហូតទើបរូបគាត់សម្រេចជិះម៉ូតូស្វែងរករយៈពេល២ថ្ងៃ លុះមកដល់យប់ថ្ងៃទី៨ ខែសីហា ក៏បានប្រទះឃើញជនត្រូវសង្ស័យនៅចំណុចគ្លីនិកមួយកន្លែង ខាងជើងវត្តសំពៅមាស សង្កាត់បឹងព្រលិត ខណ្ឌ៧មករា តែមិនបានឃើញកូនស្រីរបស់គាត់ឡើយ ទើបគាត់សម្រេចឃាត់នាំខ្លួនយុវជននោះ យកមកប្រគល់ជូននគរបាលប៉ុស្ដិ៍ទួលសង្កែ ខណ្ឌឫស្សីកែវ ដើម្បីបន្តសួរនាំស្វែងរកកូនស្រីរបស់គាត់ដែលបានបាត់ខ្លួន។
មន្ត្រីសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែ បានបន្តថា បន្ទាប់ពីឃាត់ខ្លួន សួរនាំជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានល្បួងនាំក្មេងស្រីរងគ្រោះចេញពីផ្ទះ ដោយនៅជាមួយគ្នារយះពេល២ថ្ងៃ ពិតប្រាកដមែនហើយក្មេងស្រីរងគ្រោះទើបតែសុំរូបគេ ដើម្បីចេញទៅមើលផ្ទះមួយភ្លែត និងត្រឡប់មកវិញស្រាប់តែបាត់រហូតមិនឃើញត្រឡប់មកវិញសោះ។
មន្ត្រីសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែ បានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះរស់ សុរិន អាយុ២៥ឆ្នាំ មានមុខរបរ និងស្នាក់នៅមិនពិតប្រាកដ។ បច្ចុប្បន្នជនត្រូវសង្ស័យបាន និងកំពុងបន្តឃុំខ្លួនសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់។ ដោយឡែកបុរសជាឪពុករួមទាំងក្រុមគ្រួសារបាន និងកំពុងស្វះស្វែងរិះរកកូនស្រីរបស់ខ្លួន ដែលបានបាត់ដំណឹងមិនដឹងថាទៅទីណានោះទេ ព្រមទាំងពឹងឲ្យសមត្ថកិច្ចជួយតាមស្វែងរកផងដែរ៕