(ភ្នំពេញ)៖ សមាគមរាជសីហ៍ នៅរសៀលថ្ងៃអាទិត្យ ១០រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ បានរៀបចំពិធីប្រកាសតែងតាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សមាគមរាជសីហ៍សាខារាជធានីភ្នំពេញ និងថ្នាក់ដឹកនាំ សមាជិកសមាជិកា អនុសាខាសមាគមរាជសីហ៍ប្រចាំខណ្ឌទាំង៦ មានជាអាទិ៍ ខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល ខណ្ឌដង្កោ ខណ្ឌឬស្សីកែវ និងខណ្ឌជ្រោយចង្វារ។

ពិធីនេះរៀបចំឡើងក្រោមអធិបតីភាពលោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និងលោក ទេព យុទ្ធី ប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំសមាគមរាជសីហ៍ សមាជិក សមាជិកាសមាគមរាជសីហ៍សាខារាជធានីភ្នំពេញសរុបចំនួនជាង ៣៥០ នាក់។

លោក សរ​ សំណាង ប្រធានសមាគមរាជសីហ៍សាខារាជធានីភ្នំពេញ បានថ្លែងនូវការស្វាគមន៍ និងរាយការណ៍អំពីវឌ្ឍនភាពការងារ របស់សមាគមរាជសីហ៍សាខារាជធានីភ្នំពេញ នៅក្នុងការចូលរួមអនុវត្តការងារមនុស្សធម៌ និងសប្បុរសធម៌នៅក្នុងភូមិសាស្ត្រនៃរាជធានីភ្នំពេញ និងបានសំណូមពរផងដែរ ស្នើសុំដល់ថ្នាក់ដឹកនាំ និងសមាជិកសមាជិកា​ អនុសាខាសមាគមរាជសីហ៍សាខាខណ្ឌទាំងប្រាំមួយ ដែលទើបទទួលការតែងតាំងថ្មី ឲ្យខិតខំបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបបេសកកម្ម និងចក្ខុវិស័យរបស់សមាគមរាជសីហ៍។

លោក គា សំណាង ប្រធានអនុសាខាសមាគមរាជសីហ៍ ខណ្ឌពោធិ៍សែនជ័យ តំណាងឲ្យប្រធានអនុសាខាសមាគមរាជសីហ៍ខណ្ឌទាំងប្រាំ បានឡើងធ្វើការប្តេជ្ញាចិត្តប្រកាន់ខ្ជាប់នូវលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងសមាគម រក្សាសាមគ្គីភាពផ្ទៃក្នុង ស្វែងរកជំនួយឧបត្ថម្ភ សម្រាប់អនុវត្តសកម្មភាពមនុស្សធម៌របស់សមាគម និងផ្សព្វផ្សាយ ពង្រីកចលនាយុវជនចូលរួមក្នុងសកម្មភាពមនុស្សធម៌របស់សមាគមរាជសីហ៍។

​លោក ទេព យុទ្ធី ប្រធានប្រឹក្សារសមាគមរាជសីហ៍បានផ្តល់នូវអនុសាសន៍ មួយចំនួនជូនដល់ ថ្នាក់ដឹកនាំ សមាជិកសមាជិកា សមាគមរាជសីហ៍សាខារាជធានីភ្នំពេញ ដែលទទួលបានការតែងតាំងឲ្យយកចិត្តទុកដាក់គោរព មិនគ្រាន់តែទៅលើលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងសមាគម ប៉ុណ្ណោះទេ​ ក៏ប៉ុន្តែត្រូវតែគោរពច្បាប់ និងគោលការណ៍របស់រាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន ធ្វើកិច្ចសហប្រតិបត្តិការ ជាមួយនឹងអាជ្ញាធរមូលដ្ឋាន ដើម្បឲ្យការប្រតិបត្តិការងាររបស់សមាគមរាជសីហ៍ប្រព្រឹត្តទៅដោយរលូន។

លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ក៏បានមានប្រសាសន៍ ក្នុងនាមថ្នាក់ដឹកនាំ និងសមាជិក​សមាជិកាសមាគមរាជសីហ៍ទាំងមូលចូលរួមសំដែងការអបអរសាទរយ៉ាងខ្លាំងក្លា ចំពោះជ័យជំនះនយោបាយ ការទូតនិងសេដ្ឋកិច្ច ដ៏ត្រចះត្រចង់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដទៃទៀត ដែលបានបិទបញ្ចប់កាលពីថ្មីៗ កន្លងទៅនេះ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ដែលក្នុងនោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានជួបប្រជុំទ្វេភាគីដោយឡែកពីក្របខណ្ឌអាស៊ាន និងកិច្ចប្រជុំផ្សេងៗទៀត សរុបជាង៣០ ជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ព្រមទាំងមេដឹកនាំកំពូលៗនៃបណ្តាស្ថាប័នតំបន់និងអន្តរជាតិមកពីគ្រប់ទិសទីនៃពិភពលោក សរុបមិនតិចជាង២០នាក់នោះឡើយ។

លោកប្រធានសមាគមរាជសីហ៍ បានមានប្រសាសន៍លើកឡើងផងដែរ អំពីការរីកចម្រើនរបស់សមាគមរាជសីហ៍ ទោះបីជាសមាគមរាជសីហ៍បាននឹងទទួលរងនូវផលប៉ះពាល់នៃការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក រួមផ្សំជាមួយនឹងការរាតត្បាតនៃជំងឺកូវីដ១៩ ក៏សមាគមរាជសីហ៍បានខិតខំពុះពារ នូវបញ្ហាលំបាកទាំងអស់នេះអនុវត្ត និងសម្រេចបាននូវសមិទ្ធផលដ៏ធំធេង មានដូចជា បានពង្រីករចនាសម្ព័ន្ធសាខាសមាគមរាជសីហ៍ រហូតដល់ចំនួន២៩ នៅឆ្នាំ២០២៣ និងមានសមាជិកសមាជិកា រហូតដល់ ចំនួន ៧៥៤៧ អង្គ/នាក់ នៅឆ្នាំ២០២៣ និងមានអនុសាខាសមាគមរាជសីហ៍ចំនួន ៤៥ នៅទូទាំងរាជធានី-ខេត្ត និងក្រៅប្រទេស។

រីឯ​ការងារមនុស្សធម៌និងសប្បុរសធម៌វិញ សមាគមរាជសីហ៍អនុវត្តបានចំនួន ៦៦៩ លើក នៅឆ្នាំ២០២៣ នេះដោយចំណាយថវិកាអស់ប្រមាណ ៥៧៦,០០០,០០០ លានរៀល​​ ស្មើនឹង ១៤៤,០០០ ដុល្លារ។

ទន្ទឹមនេះ លោកប្រធានសមាគមរាជសីហ៍ ក៏មានចំណុចមួយចំនួនផ្តល់ជាអនុសាសន៍ទៅដល់ថ្នាក់ដឹកនាំ និងសមាជិកសមាជិកា ដែលទទួលបានការតែងតាំងសម្រាប់យកទៅអនុវត្តនៅក្នុងសាខា និងអនុសាខា របស់ខ្លួន មានដូចជា៖

ក្នុងភាពជាអ្នកដឹកនាំត្រូវអនុវត្តនូវចំណុច៤ នៃឥទ្ធិបាទធម៌ សម្រាប់ឲ្យការងារទទួលបានជោគជ័យ មានជាអាទិ៍ ឆន្ទៈ វីរិយៈ ចិត្ត និងវិមង្សា មានគំនិតនវានុវត្តន៍ និងឧត្តមានុវត្តន៍ ត្រូវប្រកាន់ទស្សនៈសមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ រក្សាសាមគ្គីភាពនិងការឯកភាពផ្ទៃក្នុង អនុវត្តការងារជាក្រុម និងហ៊ានទទួលខុសត្រូវនូវរាល់កំហុសតូច-ធំដើម្បីធ្វើការកែលម្អ និងការធ្វើប្រតិភូកម្ម សិទ្ធិ និងអំណាច ទៅលើផ្នែកណាមួយនៃការងារដើម្បីធានាភាពរហ័សនិងប្រសិទ្ធភាពការងារ៕