(ភ្នំពេញ)៖ ដើម្បីជួយសង្រ្គោះជីវិតមនុស្ស ក្នុងគ្រាមានឧប្បទ្ទវហេតុ នៅប្រការណាមួយ ដែលកើតឡើងនៅកណ្តាលផ្លូវ ឬទីតាំងណាមួយ ដែលជួបក្នុងការជួយសង្រ្គោះបឋមនោះ ក្នុងឱកាសទិវាពិភពលោកវិជ្ជាសង្រ្គោះបឋមឆ្នាំនេះ កាកបាទក្រហមកម្ពុជា បានរៀបចំធ្វើឡើងក្រោមប្រធានបទ «វិជ្ជាសង្គ្រោះបឋមក្នុងសម័យឌីជីថល»

ទិវានេះបានធ្វើឡើងនាផ្សារទំនើប អ៊ីអនម៉ល៣ ក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលោកគ្រូ អ្នកគ្រូឯកទេសផ្នែក វិជ្ជាសង្គ្រោះបឋម សមាជិក សមាជិកា អ្នកស្ម័គ្រចិត្ត យុវជន កាកបាទក្រហមកម្ពុជាជាច្រើនរូបទៀត នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣។

លោកស្រី ពុំ ចន្ទីនី បានមានប្រសាសន៍ថា វិជ្ជាសង្គ្រោះបឋម គឺជាមុខវិជ្ជាដ៏មានសារសំខាន់មួយ ដែលយើងទាំងអស់គ្នាត្រូវសិក្សា ដើម្បីទុកជាមូលដ្ឋានគ្រឹះសម្រាប់សង្គ្រោះក្រុមគ្រួសារ បងប្អូនប្រជាពលរដ្ឋ នៅក្នុងសហគមន៍ ដែលរងគ្រោះថ្នាក់ផ្សេងៗដោយចៃដន្យមានដូចជា៖ ខ្យល់គរ ស្ទះដង្ហើម បាក់ឆ្អឹង លង់ទឹក និងគ្រោះថ្នាក់ចរាចរណ៍ជាដើម មុនពេលគ្រូពេទ្យមកដល់ ឬបញ្ជូនអ្នករងគ្រោះទៅកាន់មន្ទីរពេទ្យ។

លោកស្រីបន្តថា ការប្រារព្ធទិវាពិភពលោកសង្រ្គោះបឋមនេះ ដើម្បីអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ វិជ្ជាសង្គ្រោះបឋមពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយអាយុជីវិតជនរងគ្រោះ មុនពេលរថយន្តមកដល់ និងលើកកម្ពស់សុខភាពប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្រ កាកបាទក្រហមកម្ពុជា ឆ្នាំ២០២១-២០៣០ គ្រួសារមួយមានមនុស្សម្នាក់ ស្ថាប័នសាធារណៈ ឬវិស័យឯកជន យល់ដឹងពីវិជ្ជាសង្រ្គោះបឋម។

ឆ្លៀតក្នុងឱកាសនោះដែរលោកស្រី បានធ្វើការផ្ដាំផ្ញើដល់អ្នកស្ម័គ្រចិត្ដ និងយុវជនទាំងអស់ ជាពិសេសយុវជនកាកបាទក្រហមកម្ពុជា ដែលមានវត្ដមាននៅទីនេះ ក្រោយពីទទួលបាននូវវគ្គបណ្ដុះបណ្ដាល ស្ដីពីវិជ្ជាសង្គ្រោះបឋម និងចូលរួមសកម្មភាពនៅក្នុងគម្រោង របស់កាកបាទក្រហមកម្ពុជារួចហើយ សូមក្មួយៗយកចំណេះដឹងនេះ ទៅប្រើប្រាស់ឲ្យបានត្រឹមត្រូវ និងធ្វើការផ្សព្វផ្សាយបន្ដ ឲ្យបានទូលំទូលាយដល់សហគមន៍ប្រជាពលរដ្ឋ និងមិត្ដភក្ដិនូវវិជា្ជសង្គ្រោះបឋមនេះ។

ជាថ្មីម្តងទៀង លោកស្រីអគ្គលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះក្រុមហ៊ុន Future Focus Solutions អង្គការ Side by Side, Run With SAI, Social Compass ដែលបានសហការគាំទ្រ ជាពិសេស សូមថ្លែងអំណរគុណដល់ អគ្គនាយកក្រុមហ៊ុន អ៊ីអន៣ មានជ័យ ដែលបានផ្តល់ទីកន្លែងរៀបចំ ទិវាពិភពលោកសង្រ្គោះបឋមនេះ និងសូមថ្លែងអំណរគុណដល់មន្រ្តី ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងសាខាខេត្តកណ្តាល ព្រមទាំងអ្នកចូលរួមទាំងអស់ផង៕