(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញលិខិតបង្គាប់ការផ្អាកការងារបណ្ដោះអាសន្ន លោកអនុសេនីយ៍ឯក ហុង សារ៉ុម នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំសំព្រោជ ស្រុកស្ទោង ដែលធ្លាប់ពាក់ព័ន្ធករណីប្លន់ទូមាស កាលពីឆ្នាំ២០១៥។
ក្នុងលិខិតបង្គាប់ការដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ទៀតថា លោកអនុសេនីយ៍ឯក ហុង សារ៉ុម ត្រូវកំណត់ឲ្យទៅបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ (ការិយាល័យបុគ្គលិក) រៀងរាល់ម៉ោងធ្វើការ រហូតដល់មានការសម្រេចជាថ្មី។
ទន្ទឹមនឹងលិខិតបង្គាប់ការផ្អាកការងារបណ្ដោះអាសន្ននេះ នាយនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានប្រាប់បណ្ដាញព័ត៌មាន Fresh News បន្ថែមថា លោកអនុសេនីយ៍ឯក ហុង សារ៉ុម នឹងត្រូវបណ្ដេញចេញពីក្របខ័ណ្ឌតែម្ដង ក្រោយរកឃើញថា កាលពីឆ្នាំ២០១៥ ធ្លាប់ប្រព្រឹត្តបទល្មើសប្លន់ទូមាស នៅស្រុកស្ទោង ខេត្តកំពង់ធំ ជាមួយគូកនម្នាក់ទៀត ដោយកាលនោះយកអស់មាសជាង១៥០តម្លឹង។
គួរជម្រាបថា នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឲ្យពិនិត្យការតែងតាំងមេប៉ុស្តិ៍ម្នាក់នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។ សម្តេចធិបតី បានបញ្ជាក់តាមតេឡេក្រាមបែបនេះ «ក្រោយពីបានទទួលព័ត៌មានតាមប្រភពផ្សេងៗ រួមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម ពាក់ព័ន្ធនឹងការតែងតាំងបុគ្គលម្នាក់ធ្វើជាមេប៉ុស្តិ៍នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋនិងត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារ ខ្ញុំបានចេញបទបញ្ជាភ្លាមទៅ ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ឱ្យពិនិត្យ ស្រាវជ្រាវជាមួយ ឯកឧត្តម ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ជាបន្ទាន់។ ក្នុងករណីជារឿងពិត ត្រូវធ្វើការកែសម្រួលភ្លាម។
ខ្ញុំសូមឱ្យមានការត្រួតពិនិត្យនិងវាយតម្លៃឲ្យបានច្បាស់លាស់ នូវបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗ ឲ្យបានហ្មត់ចត់មុននឹងធ្វើការតែងតាំង នៅតាមបណ្ដាស្ថាប័នរដ្ឋទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិនិងក្រោមជាតិ»។
ផ្តើមចេញពីករណីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យមានការត្រួតពិនិត្យ និងវាយតម្លៃឱ្យបានច្បាស់លាស់ នូវបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗ ឱ្យបានហ្មត់ចត់មុននឹងធ្វើការតែងតាំង នៅតាមបណ្ដាស្ថាប័នរដ្ឋទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងក្រោមជាតិ៕