(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ជាមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលដ៏មានប្រជាប្រិយមួយរូប ក្នុងតួនាទីជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនីតិកាលទី៦កន្លងទៅ។ ប៉ុន្តែនៅក្នុងនីតិកាលថ្មី នីតិកាលទី៧ លោក ស៊ុន ចាន់ថុល មិននៅគ្រប់គ្រង និងដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនទៀតនោះឡើយ។
ក្នុងនីតិកាលថ្មីបញ្ញវន្តដែលបញ្ចប់ការសិក្សាសាលាល្បីៗនៅអាមេរិក លោក ស៊ុន ចាន់ថុល ទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ឋានៈជាឧបនាយករដ្ឋមន្ត្រី ដែលជាឋានៈខ្ពស់មួយក្នុងរាជរដ្ឋាភិបាល ហើយកាន់តួនាទីជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានបេសកកម្មលើកកម្ពស់ និងសម្រួលដល់ការវិនិយោគបរទេស និងក្នុងស្រុក ដើម្បីសម្រេចបាននូវវិស័យឯកជនដែលមានស្ថិរភាព និងភាពរឹងមាំក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។
អាណត្តិកន្លងទៅលោកទេសរដ្ឋមន្ត្រីមិនបានបង្ហាញបណ្តាញទំនាក់ទំនងសាធារណៈនោះឡើយ ដោយលោកផ្តោតការទំនាក់ទំនងភាគច្រើនទៅលើបណ្តាញសង្គមរបស់ក្រសួង។ នៅក្នុងអាណត្តិថ្មីនេះ លោក ស៊ុន ចាន់ថុល បានបង្កើតទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ដើម្បីផ្តល់ការប្រាស្រ័យទាក់ទងផ្ទាល់ជាមួយរូបលោក។
ដើម្បីភ្ជាប់ទំនាក់ទំនង និងទទួលបានព័ត៌មាននានាពីលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល លោកអ្នកអាចចុច «Like» លើទំព័រហ្វេសប៊ុករបស់លោក ដែលមានឈ្មោះ «Chanthol SUN, DPM, CDC 1st Vice-Chairman» ឬចុចលើលីង https://web.facebook.com/DPMSunChanthol
សូមបញ្ជាក់ថា លោក ស៊ុន ចាន់ថុល ធ្លាប់បានកាន់តួនាទីជាច្រើនក្នុងជួររាជរដ្ឋាភិបាលតាំងពីឆ្នាំ១៩៩៤មក។ ពីឆ្នាំ១៩៩៤ ដល់ ឆ្នាំ១៩៩៧ បានបម្រើការជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៣ បានបម្រើការជាទីប្រឹក្សាសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រធានសភាជាតិ, ចាប់ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៨ បានបម្រើការជារដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន, ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣ បានបម្រើការជាទេសរដ្ឋមន្ត្រី និងអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ចាប់ពីឆ្នាំ២០១៣ ដល់ខែមេសា ឆ្នាំ២០១៦ បានបម្រើការជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC), ចាប់ពីឆ្នាំ២០១៦ ដល់ខែកញ្ញាឆ្នាំ ២០១៨ បានបម្រើការជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងចាប់ពីខែកញ្ញា ឆ្នាំ២០១៨ រហូតដល់ដើមខែសីហា ឆ្នាំ២០២៣ បានបម្រើការជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន។
លោក ស៊ុន ចាន់ថុល បច្ចុប្បន្នមានវ័យប្រមាណ ៦៧ឆ្នាំ។ លោកបានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាប័ត្រវិទ្យាសាស្ត្រផ្នែកគ្រប់គ្រងពា ណិជ្ជកម្មពីសាកលវិទ្យាល័យអាមេរិក នៅឆ្នាំ១៩៧៨ និងកម្មវិធីគ្រប់គ្រងជាន់ខ្ពស់ពីសាកលវិទ្យាល័យ Whartonរដ្ឋ Pennsylvania នៅឆ្នាំ១៩៩៧ ហើយបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈពីសាកលវិទ្យា Harvard នៅឆ្នាំ១៩៩៩។
លោក ស៊ុន ចាន់ថុល ក៏ធ្លាប់បានបម្រើការងារឱ្យក្រុមហ៊ុន General Electric រយៈពេល ១៦ឆ្នាំ នៅក្នុងមុខតំណែងប្រតិបត្តិជាន់ខ្ពស់ជាច្រើន, ការគ្រប់គ្រងទូទៅ និងហិរញ្ញវត្ថុ (នៅសហរដ្ឋអាមេ រិក បារាំង និងថៃ), សវនករក្រុមហ៊ុន General Electric ហើយក៏ជាអ្នកបង្កើតក្រុមហ៊ុនពាណិជ្ជកម្ម និងវិនិយោគកម្ពុជា នៅឆ្នាំ១៩៩៩ផងដែរ៕