(កំពង់ចាម)៖ លោក ប៉ាន សូរស័ក្តិ ដែលត្រូវបានតែងតាំងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ចាម និងប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រៃឈរ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ចាម រសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦។
ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានប្តេជ្ញាចិត្តថា នឹងខិតខំអនុវត្តតាមគោលនយោបាយ របស់រដ្ឋាភិបាលឲ្យម៉ឺងម៉ាត់ និងបានស្នើសុំឲ្យមានកិច្ចសហគ្នា ឲ្យបានល្អរវាងក្រុមការងារថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ព្រមទាំងបំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេល និងមានប្រសិទ្ឋិភាព។
លោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បានអញ្ជើញបងប្អូនប្រជាពលរដ្ឋបញ្ចេញមតិជុំវិញកង្វល់ និងបញ្ហាប្រឈមនានា ដែលពួកគាត់ជួបប្រទះ ក្នុងនោះ មានបញ្ហាអត្រានុគោលដ្ឋាន, ការបង់ពន្ឋច្រើនលើការផ្ទេរកម្មសិទ្ឋិលើអចលនទ្រព្យ, និងសំនូមពរ តបណ្តាញអគ្គីសនីចូលតាមផ្ទះ, និងសុំបញ្ចុះតំលៃទឹកស្អាត ដែលសព្វថ្ងៃមានតម្លៃ២,២០០រៀលក្នុង១ម៉ែត្រគូប។
បន្ទាប់ពីណែនាំក្រុមការងារ និងតំណាងមន្ទីរ ស្ថាប័នពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរដែនដីឲ្យដោះស្រាយចំពោះកង្វល់ ក៏ដូចជាសំណូមពររបស់ប្រជាពលរដ្ឋរួចមក, លោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តែងតែតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ជាពិសេសយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាល គឺផ្តោតលើការពង្រឹងគុណភាព និងប្រសិទ្ធភាពសេវាសាធារណៈ ជូនប្រជាពលរដ្ឋ រួមមានសេវាសុខភាព, អប់រំ, តុលាការ, សន្តិសុខសណ្តាប់ធ្នាប់ គឺភូមិ ឃុំមានសុវត្ថិភាព, ទឹកស្អាត អនាម័យ និងភ្លើងអគ្គីសនី ជាដើម។
លោកឧបនាយករដ្ឋមន្រ្តី បានដាក់បទបញ្ជាទៅក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ចាម និងអាជ្ញាធរដែនដីទាំងអស់ ត្រូវអនុវត្តឲ្យមានប្រសិទ្ឋិភាព នូវអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានថ្លែងនាពេលថ្មីៗនេះ ឲ្យមន្ត្រីរាជការទាំងអស់ត្រូវយកចិត្តទុកដាក់ បំរើប្រជាពលរដ្ឋទាំងសេវាតំរូវការ និងសេវាសំណូមពរឲ្យមានមានប្រសិទ្ធិភាព ហើយត្រូវបេ្តជ្ញាថា ត្រូវធ្វើឲ្យបានធ្វើឲ្យឆាប់ និងមានតម្លាភាព ចៀសវាងនូវការថ្នាំងថ្នាក់របស់ប្រជាពរដ្ឋ៕