(ភ្នំពេញ)៖ លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំសម្របសម្រួលករណីវិវាទបិទបាំងផ្លូវ និងវាយបំផ្លិចបំផ្លាញរបង ប្រគេនព្រះសង្ឃ និងប្រជាពលរដ្ឋមួយគ្រួសារ នៅក្នុងវត្តសាក់សំពៅ ដោយមានការនិមន្ត និងចូលរួមពីសំណាក់ តំណាងព្រះគ្រូអនុគណខណ្ឌដង្កោ ព្រះចៅអធិការវត្ត ព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទចំណុះជើងវត្ត ស្ថិតនៅភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោក ចាយ បូរិន បានថ្លែងថា យោងតាមអនុសាស្រ្តដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនៅយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ អាណតិទី៧ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

ក្នុងនោះ លោករដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានស្តាប់នូវសង្ឃដីការបស់ព្រះសង្ឃ ព្រមទាំងប្រជាពលរដ្ឋ នៅក្នុងការបំភ្លឺ និងសំណើមួយចំនួនរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋ។

លោករដ្ឋមន្រ្តី ក៏បានសាកសួរដល់អាជ្ញាធរមូលដ្ឋាន ដែលដឹកនាំដោយលោកអភិបាលរងខណ្ឌដង្កោ បញ្ជាក់ពីបញ្ហាវិវាទខាងលើ ដើម្បីជ្រាបកាន់តែច្បាស់នៅវិវាទ ដើម្បីដោះស្រាយបញ្ហាឲ្យចំគោលដៅ នឹងតម្លាភាព។

តាមរយៈនេះ លោករដ្ឋមន្រ្តីបានទទួលយកនូវសំណើរ និងសំណូមពរ មកពិចារណា ដើម្បីយកមកដោះស្រាយដោយតម្លាភាព យុត្តិធម៌ និងប្រសិទ្ធភាព ជូនទាំងប្រជាពលរដ្ឋ និងព្រះសង្ឃ មិនឲ្យបាត់បង់ប្រយោជន៏ទាំងសងខាង ពិសេសសម្បត្តិវត្តអារាម ដែលជាកន្លែងគោរពប្រតិបត្តិរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោករដ្ឋមន្រ្តី បានស្នើសុំបងប្អូនប្រជាពលរដ្ឋ បើកចិត្តឲ្យទូលាយ ក្នុងការទទួលយកដំណោះស្រាយ ចាត់ទុកថាយើងជាបងប្អូនខ្មែរ កាន់សាសនាព្រះពុទ្ធដូចគ្នា រស់នៅក្នុងសហគមន៍តែ១ រួមគ្នាដោះស្រាយទាំងអស់គ្នា ប្រកបដោយប្រសិទ្ធភាព និងដោះស្រាយបានរលូន។

ជាលទ្ឋិផល លោកបានចង្អុលបង្ហាញឲ្យភាគីទាំងសងខាង ទទួលយកដំណោះស្រាយដូចបានឯកភាគ្នា ក្នុងកំណត់ហេតុអង្គប្រជុំ។

លោក ចាយ បូរិន បានបញ្ជាក់ថា បញ្ហាវិវាទនេះ ទាល់តែមានការរួមចំណែកពីភាគីទាំងសងខាង ទើបបញ្ហាបញ្ចប់ទៅដោយសន្តិវិធី ដោយឡែកបើសិនជាមិនមានការយល់ស្របពីភាគីសងខាងទេ លោកនិងឈរលើការដោះស្រាយទៅតាមផ្លូវច្បាប់ ជាមួយអជ្ញាធរមូលដ្ឋាន និងជំនាញ ពិនិត្យលិខិតច្បាប់ជាក់ស្តែងនៅក្នុងការដោះស្រាយ ។ ដូចនេះ លោកនៅតែសង្ឃឹមថា បញ្ហាវិវាទនេះ នឹងដោះស្រាយបានដោយសន្តិវិធី ព្រមទាំងមានការឯកភាពពីសំណាក់ភាគីទាំងសង៕