(ហ្វីលីពីន)៖ តមតាមការអញ្ជើញរបស់បណ្ឌិត Theresa Mundita Lim នាយកប្រតិបត្តិមជ្ឈមណ្ឌលអាស៊ានសម្រាប់ជីវៈចម្រុះ (ASEAN Centre for Biodiversity) និង លោកស្រី Benedicta Du-Baladad ប្រធានសមាគមគ្រប់គ្រងហ្វីលីពីន (Management Association of the Philippines) នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុង Los Banos សាធារណរដ្ឋហ្វីលីពីន លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានធ្វើទស្សនកិច្ចនៅ មជ្ឈមណ្ឌលអាស៊ានសម្រាប់ជីវៈចម្រុះ ដើម្បីចូលរួមខួបអនុស្សាវរីយ៍ ១៨ ឆ្នាំ នៃការបង្កើតមជ្ឈមណ្ឌលនេះ ដោយមានការដាំដើមឈើ ព្រមទាំងការប្រគល់វិញ្ញាបនបត្រ ឧទ្យានបេតិកភណ្ឌអាស៊ាន (ASEAN Heritage Park) ដល់ឯកអគ្គរាជទូតថៃប្រចាំហ្វីលីពីនផងដែរ។

លោកអគ្គលេខាធិការអាស៊ាន បានកោតសរសើរមជ្ឈមណ្ឌលនេះ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាមជ្ឈមណ្ឌលឧត្តមភាព ស្តីពីជីវៈចម្រុះ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសមាជិកអាស៊ាន តាមរយៈគំនិតផ្តួចផ្តើមនានា ពាក់ព័ន្ធនឹងជីវៈចម្រុះ។

សូមជម្រាបជូនថា មកដល់ពេលនេះ មានឧទ្យានបេតិកភណ្ឌអាស៊ានចំនួន ៥៧ ហើយ នៅទូទាំងប្រទេសសមាជិកអាស៊ាន។

ក្រោយពីបញ្ចប់ទស្សនកិច្ច និងចូលរួមកម្មវិធីមួយចំនួននៅមជ្ឈមណ្ឌលអាស៊ានសម្រាប់ជីវៈចម្រុះ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន រួមជាមួយបណ្ឌិត Theresa Mundita Lim នាយកប្រតិបត្តិមជ្ឈមណ្ឌលអាស៊ានសម្រាប់ជីវៈចម្រុះ បានជួបជាមួយប្រព័ន្ធផ្សព្វផ្សាយ។

នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីសារៈសំខាន់នៃការអភិរក្សជីវៈចម្រុះសំបូរបែបរបស់តំបន់ និយាយជារួមគឺការថែរក្សាភពផែនដី នៅក្នុងតំបន់។

សូមបញ្ជាក់ជូនថា លោកបណ្ឌិត កៅ គឹមហួន គឺជាអគ្គលេខាធិការអាស៊ានលើកទី ១ ដែលបានមកទស្សនកិច្ចនៅមជ្ឈមណ្ឌលអាស៊ានសម្រាប់ជីវៈចម្រុះ បន្ទាប់ពីមជ្ឈណ្ឌលនេះ ត្រូវបានបង្កើតឡើងកាលពី១៨ ឆ្នាំមុន នៅក្នុងឆ្នាំ២០០៥៕