(កណ្តាល)៖ លោកបណ្ឌិត ហង្ស សាមឿន អនុប្រធានក្រុមការងារចុះមូលដ្ឋានជួយស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល តំណាងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អនុប្រធានក្រុមការងារចុះជួយខេត្តកណ្តាល និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកកណ្តាលស្ទឹង នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងាររបស់គណបក្សប្រជាជនកម្ពុជាឃុំទ្រា និងផ្តល់បណ្ណសរសើរ ដល់ថ្នាក់ដឹកនាំគណៈពង្រឹងបក្សស្រុក ឃុំ និងភូមិ ដើម្បីជំរុញបន្តការងារទិសដៅ និងបន្តតាមសំណើរជូនប្រជាពលរដ្ឋដែលបានសន្យាកន្លងមក។

នាឱកាសនោះដែរ លោកបណ្ឌិត ហង្ស សាមឿន បានឱ្យដឹងថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដែលមានសម្តេចធិបតី ហ៊ុន មាណែត ជានាយករដ្ឋមន្ត្រី និងជាប្រមុខដឹកនាំប្រទេស បានធ្វើការសម្រេចចិត្ត និងដឹកនាំដ៏ត្រឹមត្រូវប្រកបដោយភាពបត់បែន ឈ្លាសវៃកសាងពង្រឹងពង្រីកវឌ្ឍនភាពឱ្យកាន់តែប្រសើរ។ បច្ចុប្បន្ននយោបាយសកល នៅមានភាពមិនច្បាស់ តែសម្រាប់កម្ពុជា គឺច្បាស់សូមបន្តគាំទ្ររាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដើម្បីការពារសុខសន្តិភាពនិងដឹកនាំមាគ៌ាដ៏ត្រឹមត្រូវឆ្ពោះទៅមុខជាបន្តទៀត។

លោកបណ្ឌិតបានលើកឡើងបន្តថា ធ្វើជាមន្ត្រីមិនថាជាមន្ត្រីរដ្ឋឬមន្ត្រីបក្សនោះទេ ការងារសំខាន់ គឺបម្រើប្រជាពលរដ្ឋ។ ក្រុមការងាររីករាយស្វាគមន៍អ្នកដែលមានបំណងចូលរួមជីវភាពការងារជាមួយក្រុមការងារ គឺរីករាយស្វាគមន៍ទទួលយកទាំងអស់ ឱ្យតែឆន្ទៈរួមដើម្បីប្រយោជន៍ប្រជាជននៅមូលដ្ឋាន។

លោកបណ្ឌិតបន្ថែមទៀតថា កត្តារួមសាមគ្គីភាព ដឹងហេតុផល ការធ្វើអំពីល្អចំពោះប្រជាជនពលរដ្ឋ ជាកត្តាសំខាន់ដើម្បីជាក្តីសង្ឃឹមចំពោះប្រជាពលរដ្ឋ។

ដោយឡែកក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពានវិញ រាជរដ្ឋាភិបាលនៅតែបន្តចាត់ទុកវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាននេះ ជាវិស័យអាទិភាព និងជាតម្រូវការចាំបាច់ដ៏សំខាន់មួយ ក្នុងចំណោមវិស័យអាទិភាពទាំង៤ រួមមាន៖ មនុស្ស ផ្លូវ ភ្លើង និងទឹក ដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន ការទំនាក់ទំនងរបស់ប្រជាពលរដ្ឋទៅដល់គ្រប់ទីកន្លែងនៅក្នុងប្រទេស និងការតភ្ជាប់ជាមួយប្រទេសជិតខាងឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់ប្រទេសជាតិ។ ជាការពិតណាស់ការអភិវឌ្ឍរីកចម្រើននៅកម្ពុជាអាចសម្រេចទៅបាន គឺអាស្រ័យដោយមានការឧបត្ថម្ភគាំទ្រ តាមរយៈការផ្ដល់ហិរញ្ញប្បទានសម្បទាន និងជំនួយឥតសំណងពីសំណាក់បណ្ដាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍នានា ដែលក្នុងនោះធនាគារពិភពលោកក៏ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយផងដែរ ដែលបានផ្តល់ការគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា។

លោកបណ្ឌិតបានពិនិត្យលទ្ធផលការងារដែលសម្រេចបាន និងចំពោះការងារមិនទាន់បានសម្រេចបានដាក់បញ្ចូលទៅក្នុងទិសដៅបន្តបន្ទាប់ ជាមួយនឹងការដាក់ចេញផែនការសកម្មភាពជាជំហានៗឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៣-២០២៨បន្ត។

ឱកាសនោះ លោកបណ្ឌិត ហង្ស សាមឿន បានថ្លែងអំណរគុណដល់ក្រុមការងារមូលដ្ឋានថ្នាក់ស្រុក ឃុំ និងក្រុមការងារថ្នាក់កណ្ដាល បានខិតខំប្រឹងប្រែងបំពេញបានល្អប្រសើរ មិនត្រឹមតែប៉ុណ្ណោះបានចំណាយទាំងកម្លាំងកាយ-ចិត្ត គ្រប់ពេលវេលា។

លោកបណ្ឌិត ហង្ស សាមឿន បានផ្តល់បណ្ណសរសើរ និងថវិកាចំនួន១០លានរៀល សម្រាប់ចាត់ចែងក្នុងឃុំបន្ត៕