(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបក្រុមសហគ្រិនវ័យក្មេង នៃសភាពាណិជ្ជកម្មជប៉ុន នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ដោយបានណែនាំឲ្យក្រុមសហគ្រិនវ័យក្មេង នៃសភាពាណិជ្ជកម្មជប៉ុន សហការជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ដើម្បីស្វែងរកទីផ្សារ និងឱកាសក្នុងការធ្វើវិនិយោគនៅកម្ពុជា ក៏ដូចជាសកម្មភាពដទៃទៀត។
នៅក្នុងកិច្ចប្រជុំនេះធ្វើឡើងនៅរសៀល ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ ដោយលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានណែនាំបន្ថែមពីទីផ្សារ និងឱកាសវិនិយោគនៅកម្ពុជា ដូចជា៖ (១) ទីផ្សារអចលនទ្រព្យ ដែលកំពុងតែមានសក្ដានុពលខ្លាំង, (២)-សហគ្រាសផលិតឧស្សាហកម្មធុនស្រាល ដែលកន្លងមកមានក្រុមហ៊ុនជប៉ុនមួយចំនួន បានមកវិនិយោគរួចហើយ នៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង និងភ្នំពេញជាដើម (៣) វិស័យហិរញ្ញវត្ថុ ដែលអាជីវករកម្ពុជា កំពុងតែត្រូវការជាចាំបាច់ នូវលំហូរហិរញ្ញវត្ថុបន្ថែម និង (៤) វិស័យកសិកម្ម ដែលជាវិស័យមួយដ៏សំខាន់សម្រាប់កម្ពុជា។
ក្នុងឱកាសនោះ ក្រុមសហគ្រិនវ័យក្មេងជប៉ុន បានថ្លែងអំណរគុណចំពោះ លោករដ្ឋមន្ត្រី ដែលបានផ្ដល់អនុសាសន៍ល្អៗ ដល់ពួកគាត់ ហើយបានទទួលយកការណែនាំទាំងនេះ ទៅពិចារណារ និងចែកចាយបន្តទៅសមាជិករបស់គាត់ នៅប្រទេសជប៉ុនបន្ថែមទៀត។
ក្រុមសហគ្រិនវ័យក្មេងជប៉ុន ជាអង្គភាពមួយស្ថិតនៅក្រោមការគ្រប់គ្រង របស់សភាពាណិជ្ជកម្មជប៉ុន ដែលមានទីស្នាក់ការចំនួន៤១២កន្លែង និងមានសមាជិកសរុបទាំងអស់ចំនួន ៣២,០០០នាក់៕