(បន្ទាយមានជ័យ​)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ ដឹកនាំដោយលោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ កាលពីថ្ងៃទី០៧​ ខែកញ្ញា​ ឆ្នាំ២០២៣​ ឃាត់ខ្លួនជនជាតិថៃ​ម្នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងអំពើលួច ប្រព្រឹត្តកាលពីវេលាម៉ោង០២៖០០នាទី ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួលម្តុំវត្តត្រាច ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​

ករណីនេះ យោងតាមពាក្យបណ្តឹងឈ្មោះ អាំងថុង ភីយ៉ាផន (AMTHUNG PIYAPORN) ហៅមេ​ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិថៃ ស្នាក់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ​បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ វរ៉ាឆេត សាប់ប៉ាសាន​ (WORACHETSAPPRA SAN) ហៅណាត់ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិថៃ បច្ចុប្បន្ន ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ បន្តថា​ ជនរងគ្រោះ​ និងជនសង្ស័យ​ (ជាសង្សារ និងរស់នៅជាមួយគ្នា​ជិត១ឆ្នាំ)​ នៅថ្ងៃកើតហេតុជនរងគ្រោះ​ និងជនសង្ស័យ​ បានចេញពីកន្លែងផឹកស៊ី ហើយបានឈ្លោះ ប្រកែកគ្នាបន្តិចបន្តួច ហើយបាននាំគ្នាជិះម៉ូតូកង់បី ទៅបន្ទប់ជួលដែលខ្លួនស្នាក់នៅជាមួយគ្នា​ ពេលទៅដល់បន្ទប់ជនរងគ្រោះ មិនព្រមចូលទៅក្នុងបន្ទប់ទេ ជនសង្ស័យបានចាប់អូសដៃជនរងគ្រោះ​ចូលក្នុងបន្ទប់​ ហើយបានបង្ខំជនរងគ្រោះប្រាប់លេខសម្ងាត់ក្នុងទូរសព្ទ ហើយបានផ្ទេរប្រាក់ចេញអស់ចំនួន២,០២៩បាត​ ទៅក្នុងគណនីរបស់ខ្លួន ហើយបានគម្រាមបង្ខំ ឲ្យជនរងគ្រោះដោះសម្លៀកបំពាក់ លេងប្រដាប់ភេទជនរងគ្រោះ យកដបទឹកសុទ្ធសូកចូលប្រដាប់ជនរងគ្រោះ បណ្តាលឲ្យរងរបួសហូរឈាមទៀតផង។

ក្រោយមកជនសង្ស័យ បានចូលបន្ទប់ទឹក ដោយឱកាសល្អ ជនរងគ្រោះបានស្ទុះរត់ចេញក្រៅបន្ទប់ទាំងអាក្រាតកាយ មកដល់ក្រៅបន្ទប់មុខកាំជណ្តើរ ជនសង្ស័យ​ បានរត់មកចាប់អូសជនរងគ្រោះចូលបន្ទប់វិញ ស្របពេលនោះ បានអ្នកជិតខាង​ (ជាជនជាតិថៃដូច)​ បានមកដល់ជួយជនរងគ្រោះ​ ហើយបានយកសម្លៀកបំពាក់ឲ្យជនរងគ្រោះ​ និងបាននាំទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃចំនួន០២ថ្ងៃ ទើបត្រលប់មកវិញ​ ហើយបានមកដាក់ពាក្យបណ្តឹង នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយតែម្តង។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តទៀតថា ក្រោយឃាត់ខ្លួន​ និងសួរចម្លើយ​ជនសង្ស័យ​ បានសារ​ភាពថា​ ខ្លួនពិតជាបានធ្វើសកម្មភាពដូចដែលជនរងគ្រោះបានចោទប្រកាន់ពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព​ ជនសង្ស័យត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថក្រុង​ កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត ចាត់ការបន្តតាមនីតិវិធី៕

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយ នៅព្រឹកថ្ងៃ​អាទិត្យ ទី០៩​ ខែកញ្ញា​​​​​ ឆ្នាំ​២០២៣​នេះ​ ដើម្បីអនុវត្តតាមនីតិវិធី​៕