(ភ្នំពេញ)៖ ក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) បានសហការវះកាត់ព្យាបាលជំងឺភ្នែកជូនលោកតា សុខ ពីង អាយុ៧០ម្នាក់ ប្រកបដោយជោគជ័យ ខណៈការចំណាយលើការព្យាបាលវះកាត់នេះគឺទទួលបានការឧបត្ថម្ភទាំងស្រុងពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។
គួរជម្រាបថា លោកតា សុខ ពីង រស់នៅភូមិព្រែកក្រាញ់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។ លោកតាមានអាការភ្នែកទ្បើងបាយទាំងសងខាង បណ្តាលឱ្យមើលពុំឃើញច្បាស់ ហើយពុំមានលទ្ធភាពព្យាបាលខ្លួនឯងឡើយ ព្រោះជីវភាពខ្វះខាត។
ដោយមានការយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចាត់ក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ធ្វើការវះកាត់ព្យាបាលភ្នែកទាំងសងខាងរបស់លោកតាដោយជោគជ័យនៅមន្ទីរពេទ្យព្រះអង្គឌួង កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។ ការចំណាយទាំងអស់ ទាំងក្នុងការព្យាបាលវះកាត់ ការស្នាក់នៅ និងហូបចុក គឺត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត។
បច្ចុប្បន្ន លោកតា សុខ ពីង អាចមើលឃើញច្បាស់សាជាថ្មីវិញហើយ ព្រមទាំងបានថ្លែងអំណរគុណជូនសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានជួយយកចិត្តទុកដាក់ចំពោះសុខទុក្ខលោកតាកន្លងមក៕