(កណ្តាល)៖ ចម្ងាយប្រមាណ ៥៨គីឡូម៉ែត្រពីរាជធានីភ្នំពេញ ស្ថិតក្នុងភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ស្ពានដ៏ថ្មីសន្លាងមួយ លាតសន្ធឹងកាត់ដងទន្លេបាសាក់ ប្រវែង ៤១៥ម៉ែត្រ ត្រូវបានចាក់បេតុងតភ្ជាប់ពីត្រើយខាងលិចទៅត្រើយខាងកើតរួចរាល់ហើយ ក្រោមសហអធិបតីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោកស្រី ប៊ូ ជាងហ្គូ ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី០៨ ខែសីហា ឆ្នាំ២០១៦នេះ ក្រោមអំណរសាទរប្រកបដោយក្តីរីករាយពីប្រជាពលរដ្ឋនៅត្រើយទាំងសងខាង នៃឃុំព្រែកថ្មី និង ឃុំជ្រោយតាកែវ។
តាមការគ្រោងទុកស្ពានកោះធំ ដែលជាស្ពានឆ្លតកាត់ទន្លេថ្មីមួយទៀតនៅក្នុងប្រទេសកម្ពុជា នឹងត្រូវបញ្ចប់ការសាងសង់ ទាំងស្រុងនាពេលឆាប់ៗខាងមុខនេះ។
ស្ពានឆ្លងកាត់ទន្លេបាសាក់ក្នុងស្រុកកោះធំ ដែលមិនធ្លាប់មានពីមុនមកនេះ ត្រូវបានចំណាយថវិកាសាងសង់សរុប ១៩.៣៩លានដុល្លារអាមេរិក ជាថវិកាកម្ចីឥណទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរាជរដ្ឋាភិបាលកម្ពុជាប្រមាណជា ២.៨លានដុល្លារអាមេរិក។ ស្ពានកោះធំតភ្ជាប់ពីផ្លូវជាតិលេខ២១ ត្រង់ចំណុចភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ត្រើយខាងលិចទន្លេបាសាក់ ឆ្លងទៅផ្លូវជាតិលេខ១១០ នៅប្របមាត់ទន្លេត្រើយខាងកើតទន្លេបាសាក់ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។
តួស្ពានមានប្រវែងសរុប៤១៥ម៉ែត្រ និង មានទទឹង ១៣.៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក។ ផ្លូវទទឹង ១៣.៥០ម៉ែត្រនេះ មានផ្លូវរថយន្តទទឹង ៣.៥០ម៉ែត្រ មាន ០២គន្លង ផ្លូវម៉ូតូទទឹង១.៩០ម៉ែត្រ មាន០២គន្លង ផ្លូវថ្មើរជើងទទឹង ១.៣៥ម៉ែត្រ មាន ០២គន្លង ហើយផ្ទៃខាងលើ នៃស្ពានក្រាលបេតុងកៅស៊ូកម្រាស់០៥សង់ទីម៉ែត្រ។
ដងទន្លេបាសាក់ បើទោះបីមានប្រវែងមិនឆ្ងាយប៉ុន្មានក្តី តែវាហាក់បានក្លាយជាដែនសីមា និង កំពែងខណ្ឌចែកប្រជាពលរដ្ឋនៅឃុំព្រែកថ្មី និងឃុំជ្រោយតាកែវ រស់នៅសែនឆ្ងាយពីគ្នា។ ជាពិសេសប្រជាពលរដ្ឋក្នុងឃុំជ្រោយតាកែវ ស្ថិតនៅត្រើយខាងកើតទន្លេបាសាក់ជួបការលំបាកយ៉ាងខ្លាំងក្នុងការ ធ្វើដំណើរដឹកកសិផលទៅទីផ្សារ ទៅសាលារៀន និងទៅមន្ទីរពេទ្យជាដើម។
កាន់តែលំបាកទៀតនោះ នៅពេលជួបគ្រោះអាសន្ននៅពេលយប់ ដូចជាមានជំងឺ ឬស្រ្តីត្រូវសម្រាលកូននៅពេលយប់ គឺចំណាយពេលរង់ចាំទូកចម្លង រហូតមានអ្នកត្រូវស្លាប់បាត់បង់ជីវិតក៏មានព្រោះបញ្ជូនទៅពេទ្យមិនទាន់។
បន្ទាប់ពីស្ពានត្រូវបានកម្លាំងសមត្ថកិច្ចបើកឲ្យប្រជាពលរដ្ឋ ដើរឆ្លងកាត់បណ្តោះអាសន្ន ក្រោយពេលសម្តេចនាយករដ្ឋមន្រ្តី និងឯកអគ្គរដ្ឋ ទូតចិន បានធ្វើពិធីចាក់បេតុងតភ្ជាប់រួចរាល់ ប្រជាពលរដ្ឋទាំង ត្រើយខាងលិច និងត្រើយខាងកើត ក៏ដូចជាសិស្សានុសិស្ស រស់នៅក្បែរ ស្ពាននោះ បាននាំគ្នាដើរទៅលើស្ពានជាមួយទឹកមុខញញឹមញញែម រីឯសិស្សានុសិស្ស ដែលមានទូរស័ព្ទដៃទំនើប ក៏នាំគ្នាថតរូប ភាព ថតសែលហ្វី (Selfie) ហាក់មានភាពរីករាយ ជាមួយខ្យល់ជំនោពីផ្ទៃទឹក ដ៏សែនត្រជាក់។
លោក ឃ្លុំ យៀន មេភូមិក្បាលជ្រោយ ឃុំឈើខ្មៅ ស្រុកកោះធំ ក៏ដូចប្រជាពលរដ្ឋដទៃ ដែលកំពុងដើរឆ្លងកាត់លើស្ពានពីត្រើយខាងលិច ឆ្ពោះទៅលំនៅឋានរបស់ខ្លួននៅត្រើយខាងកើត បានរំលឹកប្រាប់ Fresh News រូបលោក និងប្រជាពលរដ្ឋនៅត្រើយខាងកើតទន្លេបាសាក់ជួបទុក្ខលំបាកខ្លាំង ពេលពួកគាត់ត្រូវឆ្លងមកត្រើយខាងលិចម្តងៗ។
«ជួបការលំបាកត្រូវជិះទូកដ មានការយឺតយ៉ាវពេលវេលា មិនបានទាន់ចិត្ត។ លំបាកធ្វើដំណើរយប់ថ្ងៃ ពេលមានការឈឺថ្កាត់អីចឹងអត់ទាន់ពេលវេលា យកទៅពេទ្យអី មានការយឺតយ៉ាវទូកដ មេឃភ្លៀងរលឹមអីមកមិនរួច ជួបផលលំបាកច្រើន»។ នេះជាការបញ្ជាក់របស់លោក ឃ្លុំ យៀន។
មិនខុសពីលោក ឃ្លុំ យៀន លោក ហួង ហយ ជាប្រជាពលរដ្ឋនៅភូមិក្បាលជ្រោយ ឃុំពោធិ៍បាន បានបញ្ជាក់ដែរថា «ពេលយើងមានអា សន្នអន់ក្រពេលយប់ គឺយើងមានតែត្រើយខាងលិចអាចពឹងពាក់បានមានពេទ្យធំៗ អីចឹងយើងត្រូវឆ្លងទូកដ ហើយឆ្លងទូកដនេះមិនងាយស្រួលនោះឡើយ»។
ផលលំបាកនេះមិនមែនកើតមានត្រឹមតែប្រជាពលរដ្ឋក្នុងការធ្វើដំណើរព្យបាលជំងឺ សម្រាលកូន ឬដឹកកសិផលនោះទេ សូម្បីតែសិស្សា នុសិស្ស ក៏មានផលលំបាកផងដែរ។ យុវជន ស្រ៊ាង ធារ៉ូ និងយុវតី វង សុជាតិ សិស្សសិក្សានៅវិទ្យាល័យ ហ៊ុន សែន កោះធំ បានឲ្យដឹងថា សិស្សនៅត្រើយខាងកើត ទន្លេបាសាក់តែងតែយឺតយ៉ាវក្នុងការទៅសាលាព្រោះតែការរង់ចាំទូកចម្លង។
រាជរដ្ឋាភិបាលខ្មែរ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានដាក់ចេញទិសស្លោកក្នុងការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធរបស់ខ្លួនថា «មានផ្លូវ មានសម្ពាន គឺមានក្តីសង្ឃឹម» ដូចទៅនឹងទិសស្លោកក្នុងការអភិវឌ្ឍរបស់ចិនផងដែរថា «មានផ្លូវ មានស្ពាន គឺមានទ្រព្យសម្បត្តិ»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅមុនពេលអញ្ជើញចាក់បេតុងតភ្ជាប់ស្ពានជាមួយលោកស្រី ប៊ូ ជាងហ្គូថា ស្ពានកោះធំ នឹងផ្តល់ប្រយោជន៍មុនគេទៅ ដល់ប្រជាពលរដ្ឋនៅសងខាងទន្លេបាសាក់ ហើយនឹងលុបបំបាត់នូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលធ្លាប់កើតមាន នៅមុនពេលស្ពានមិន ទាន់មានអវត្តមានផងដែរ។
ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ដូច្នេះ «ខ្ញុំពិតជាមានមោទនភាព ដែលថ្ងៃនេះយើងមកតភ្ជាប់នូវស្ពានមិត្តភាពកម្ពុជា-ចិន នៅកោះធំ ដែលមានប្រវែងជាង ៤០០ម៉ែត្រ។ សង្ឃឹមថា សមិទ្ធផល ដែលយើងទទួលនៅថ្ងៃនេះ នឹងរួមចំណែកកាត់បន្ថយការលំបាក កាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាជន និងបង្កើតការងាយស្រួលសម្រាប់ប្រជាពលរដ្ឋរបស់យើង។ ពីមុននេះ យើងធ្លាប់ឆ្លងកាត់ដោយលំបាក និងបង់ប្រាក់កាក់ទៅលើអ្នកចម្លងទូកដ និងចំណាយពេលវេលាដ៏ច្រើន ប៉ុន្តែសង្ឃឹមថា បន្ទាប់ពីស្ពាននេះ បានធ្វើរួចរាល់នឹងផ្តល់ឱកាសសម្រាប់ប្រជាពលរដ្ឋរបស់យើងបានឆ្លងកាត់ទៅមករកគ្នា ហើយក៏សម្រួលដល់ការដឹកជញ្ជូនឆ្លងកាត់តភ្ជាប់រវាងត្រើយខាងលិច និងត្រើយខាងកើតផងដែរ»។
បើស្ពានមិនទាន់សាងសង់រួចរាល់ជាស្ថាពរ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្តី តែស្នាមញញឹម និងភាពរីករាយរបស់ប្រជាពលរដ្ឋនៅ ត្រើយទាំងសងខាង ដែលធ្លាប់តែជួបការលំបាកដោយការជិះទូកដកាលពីគ្រាមុននោះ បានចាប់ផ្តើមបង្ហាញនូវស្នាមញញឹមជាបណ្តើរៗ ហើយ។
ដើរបណ្តើរ ភ្នែកទាំងគូរំពៃមើលទៅផ្ទៃទឹកពីលើស្ពាន ដ៏សែនខ្ពស់ លោក ឃ្លុំ យៀន បានបង្ហាញក្តីរីករាយរបស់លោកថា «សប្បាយចិត្តបានស្ពានសាងសង់ រួចរាល់ទៅអត់មានការរាំងស្ទះពីអ្នកធ្វើដំណើរ ប្រកបរបរអាជីវកម្ម អាជីវករ លក់ដូរសព្វបែបយ៉ាង អ្នកទៅព្យាបាល ជំងឺទូទៅអីហ្នឹង និយាយទៅស្រួលសព្វបែប យ៉ាងទាំងអស់។ ស្រួលជាងពីមុនយើងឆ្លងទូកដ ស្រួលច្រើន»។
លោក ឃ្លុំ យៀន ជឿជាក់ថា ស្ពាននេះ នឹងជួយកែប្រែជីវភាពរបស់លោក និងប្រជាពលរដ្ឋទូទៅផងដែរ។ «ខ្ញុំជឿងជាក់ថា ក្រោយពីមាន ការសាងសង់ស្ពាន នេះរួចរាល់ប្រជាពលរដ្ឋត្រើយខាងកើត យើងនឹងប្រកបអាជីវកម្មបានល្អប្រសើរ»។
ដោយឡែកសិស្សានុសិស្ស ដែលធ្លាប់ជិះទូកដនាំឲ្យយឺតយ៉ាវនោះ ក៏នឹងលែងជួបភាពយឺតយ៉ាវបែបនេះផងដែរ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ស្ពានកោះធំគឺជាសរសៃឈាមដ៏សំខាន់មួយរួមចំណែក ប្រែក្លាយតំបន់ ដែលមានសក្តានុពលខាងកសិកម្ម ពិសេសតំបន់ដាច់ស្រយាលជាប់ព្រំប្រទល់វៀតណាម អាចតភ្ជាប់ទៅកាន់ទីប្រជុំជនបានដោយស្រួល។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា «ស្ពាននេះ នឹងបង្កលទ្ធភាពដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ ពិសេសក្នុងស្រុកកោះធំ និង ស្រុកលើកដែក ព្រមទាំងបានប្រែក្លាយក្តីស្រមៃរបស់ប្រជាពលរដ្ឋកម្ពុជានៅតំបន់នេះ ទៅជាក្តីសង្ឃឹម នៃមោទនភាពជាតិ និងជំនឿជឿជាក់លើការអភិវឌ្ឍយ៉ាងពិតប្រាកដ សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ»។
ស្ពានកោះធំ ជាស្ពានមួយក្នុងចំណោមស្ពានឆ្លងកាត់ទន្លេចំនួន៧នៅកម្ពុជា ដែលរដ្ឋាភិបាលចិន បានផ្តល់ប្រាក់កម្ចីសាងសង់។ ក្នុងនោះ ស្ពានចំនួន៦ មានប្រវែងសរុបជាង ៦គីឡូម៉ែត្រត្រូវបានដាក់ឲ្យប្រើប្រាស់រួចហើយរួមមាន ស្ពានជ្រោយចង្វា២ ស្ពានសេកុងខេត្តស្ទឹងត្រែង ស្ពានព្រែកក្តាម ស្ពានព្រែតាម៉ាក់ ស្ពានមេគង្គស្ទឹងត្រែង និង ស្ពានតាខ្មៅ៕