(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើការ សិក្សារៀនសូត្រ ក៏ដូចជារស់នៅក្នុងប្រទេសថៃ បានសម្តែងការរីករាយ និងពេញចិត្តជាខ្លាំង ចំពោះការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបង្កើតឱ្យមានស្ថានកុងស៊ុល និងអនុព័ន្ធការងារនៅក្នុងខេត្តស៊ុងខ្លា ជាខេត្តនៅភាគខាងត្បូងប្រទេសថៃ។
ពលរដ្ឋខ្មែរនៅក្នុងប្រទេសថៃ ចាត់ទុកការបង្កើតឱ្យមានស្ថានកុងស៊ុល និងអនុព័ន្ធការងារនៅខេត្តភាគខាងត្បូងប្រទេសថៃនេះ ជួយសម្រួលប្រជាពលរដ្ឋខ្មែរនៅប្រទេសថៃ ជាពិសេសអ្នកកំពុងធ្វើការ សិក្សារៀនសូត្រ និងរស់នៅតាមខេត្តភាគខាងត្បូងប្រទេសថៃ ងាយស្រួលក្នុងការស្វែងរកសេវាផ្សេងៗពាក់ព័ន្ធការរស់នៅរបស់ពួកគេនៅក្នុងប្រទេសថៃ។
ពលរដ្ឋរស់នៅក្នុងប្រទេសថៃ បានចាត់ទុកការសម្រេចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ និងគិតគូរខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនៅក្រៅប្រទេស។
សូមបញ្ជាក់ថា នៅក្នុងជំនួបជាមួយកម្មករ និយោជិតក្នុងខេត្តកំពង់ស្ពឺនាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងការបរទេសកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធរួមគ្នាបង្កើតស្ថានកុងស៊ុល និងអនុព័ន្ធការងារនៅក្នុងខេត្តស៊ុងក្លា ដែលជាខេត្តនៅភាគខាងត្បូងប្រទេសថៃ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យបង្កើតកុងស៊ុល និងអនុព័ន្ធការងារនេះ ដោយសម្តេចមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋរស់នៅខេត្តភាគខាងត្បូងប្រទេសថៃ ជួបការលំបាកនៅពេលពួកគេត្រូវការស្វែងរកសេវានានាពាក់ព័ន្ធលិខិតស្នាម ក៏ដូចជាកិច្ចអន្តរាគមន៍ដទៃទៀតពេលពួកគេជួបបញ្ហានានា៕