(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើការ សិក្សារៀនសូត្រ និងរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង បានបង្ហាញការគាំទ្រ និងរីករាយយ៉ាងខ្លាំងចំពោះការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្កើតឱ្យមានការផ្តល់សេវាធ្វើលិខិតឆ្លងដែននៅក្នុងប្រទេសកូរ៉េដោយផ្ទាល់។
លោក ពេជ្រ វីរៈ ជាពលករខ្មែរនៅប្រទេសកូរ៉េ បានលើកឡើងថា ការសម្រេចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជាដំណឹងដ៏ល្អបំផុតសម្រាប់ពលរដ្ឋខ្មែរកំពុងធ្វើការ និងរស់នៅប្រទេសកូរ៉េខាងត្បូង។ លោក វីរៈ បានលើកឡើងថា ការបង្កើតឱ្យសេវាផ្តល់លិខិតឆ្លងដែននៅប្រទេសកូរ៉េបែបនេះ ជួយសម្រួលដល់ពលរដ្ឋខ្មែរនៅប្រទេសកូរ៉េលែងជួបការលំបាក ក្នុងការស្វែងរកសេវាធ្វើ ឬពន្យារលិខិតឆ្លងដែនទៀតហើយ។
លោក ពេជ្រ វីរៈ បានបញ្ជាក់បែបនេះ «នេះជាដំណឹងមួយល្អមែនទែន។ ខ្ញុំពិតជាសប្បាយរីករាយយ៉ាងខ្លាំង»។
លោក ពេជ្រ វីរៈ បានថ្លែងអំណរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់លើពលរដ្ឋខ្មែររស់នៅប្រទេសកូរ៉េ ក៏ដូចជាបណ្តាប្រទេសដទៃទៀត។ លោក វីរៈ ចាត់ទុកការគិតគូរនេះ គឺជាទឹកចិត្តដ៏វិសេសវិសាលរបស់ថ្នាក់ដឹកនាំជាតិ។
ក្រៅតែពីលោក ពេជ្រ វីរៈ នៅមានពលករ និងប្រជាពលរដ្ឋខ្មែរនៅប្រទេសកូរ៉េជាច្រើនទៀត សុទ្ធតែសាទរនូវការសម្រេចមួយនេះ ព្រោះការហោះមកធ្វើ ឬពន្យារលិខិតឆ្លងដែននៅក្នុងប្រទេសកម្ពុជា ធ្វើឱ្យខាតពេលវេលាធ្វើការ ហើយត្រូវចំណាយថវិកាច្រើនថែមទៀតផង។
សូមបញ្ជាក់ថា ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិតនៅខេត្តកំពង់ស្ពឺ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្រេចបង្កើតឱ្យមានកន្លែងផ្តល់សេវាធ្វើលិខិតឆ្លងដែននៅក្នុងប្រទេសកូរ៉េដោយផ្ទាល់។ ការសម្រេចបែបនេះ បន្ទាប់ពីសម្តេចបានពិនិត្យឃើញពីការលំបាករបស់ប្រជាពលរដ្ឋខ្មែរដែលធ្វើការ សិក្សារៀនសូត្រ និងរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលត្រូវហោះមកប្រទេសកម្ពុជា នៅពេលពួកគេត្រូវធ្វើលិខិតឆ្លងដែនថ្មី ឬពន្យារសុពលភាពលិខិតឆ្លងដែរនោះ៕