(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦នេះ បានចេញរបាយការណ៍បញ្ជាក់ថា ក្រសួងចាប់បានរថយន្តដឹកលើសទម្ងន់១៩០គ្រឿង និងពិន័យជាប្រាក់ ជាង៤៥៩លានរៀល ក្នុងកំឡុងខែកក្កដា ឆ្នាំ២០១៦។
តាមសេចក្ដីប្រកាសរបស់ក្រសួងសាធារណការ បានឱ្យដឹងថា ក្នុងខែកក្កដា ឆ្នាំ២០១៦ រថយន្តដឹកលើសទម្ងន់ដែលចាប់បាន មានចំនួន១៩០គ្រឿង និងបានពិន័យជាទឹកប្រាក់ចំនួន ៤៥៩,៣៨៨,០០០ រៀល ហើយចំនួននេះតិចជាងខែមិថុនា ចំនួន៧៥គ្រឿង (ខែមិថុនាមានចំនួន២៦៥គ្រឿង)។
ក្នុងចំណោមរថយន្តទាំង១៩០គ្រឿងនោះ បានផ្ទុកទម្ងន់ពី៤តោន ទៅ៣៣តោន និងមាន២គ្រឿង ដែលផ្ទុកទម្ងន់ធ្ងន់ជាងគេ គឺ៣៨តោន ចាប់បាននៅចំណុចថ្នល់កែង ខេត្តកំពង់ចាម និង៤៨តោន ចាប់បាននៅចំណុចខែលជ័យ ខេត្តកំពង់ចាម៕