(ញូដេលី)៖ ក្រុមប្រទេស G20 បានអនុម័តសេចក្តីប្រកាសរួមមួយក្នុងថ្ងៃបើកកិច្ចប្រជុំកំពូលនៅថ្ងៃសៅរ៍នេះដែលចៀសវាងការថ្កោលទោសរុស្ស៉ីចំពោះសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែបានអំពាវនាវដល់ប្រទេសទាំងអស់បដិសេធការប្រើប្រាស់កម្លាំងដើម្បីដណ្តើមយកទឹកដី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៩ ខែកញ្ញា ឆ្នាំ២០២៣។
លោកនាយករដ្ឋមន្រ្តី ណារិន ដ្រាម៉ូឌី បានប្រកាសពីការអនុម័តនេះ នៅថ្ងៃដំបូងនៃកិច្ចប្រជុំកំពូល G20 ចំពោះមុខមេដឹកនាំទាំងអស់ រួមទាំងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ផងដែរ។
សេចក្តីប្រកាស បានគូសបញ្ជាក់ថា «យើងអំពាវនាវដល់ប្រទេសទាំងអស់រក្សាគោលការណ៍នៃច្បាប់អន្តរជាតិ ដែលរួមទាំងការគោរពបូរណភាពទឹកដី និងអធិបតេយ្យភាព ច្បាប់មនុស្សធម៌អន្តរជាតិ និងប្រព័ន្ធពហុភាគីដែលការពារដល់សន្តិភាព និងស្ថិរភាព។ យើង...សូមស្វាគមន៍នូវរាល់គំនិតផ្តួចផ្តើមពាក់ព័ន្ធនឹងការស្ថាបនា ដែលគាំទ្រសន្តិភាព យុត្តិធម៌ និងយូរអង្វែងនៅក្នុងប្រទេសអ៊ុយក្រែន។ ការប្រលប្រាស់ ឬគំរាមកំហែងនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ គឺមិនអាចទទួលយកបានឡើយ»។
ក្រៅពីនេះ G20 ក៏បានអំពាវនាវឲ្យមានការអនុវត្តគំនិតផ្តួចផ្តើមនាំចេញតាមច្រកសមុទ្រខ្មៅប្រកបដោយសុវត្ថិភាព នូវគ្រាប់ធញ្ញជាតិ ផលិតផលម្ហូបអាហារ និងជីកសិកម្ម ទាំងពីអ៊ុយក្រែន និងរុស្ស៉ី។
គួរបញ្ជាក់ថា ការឯកភាពគ្នានេះ បានបង្កជាភាពភ្ញាក់ផ្អើលមួយជុំវិញសង្គ្រាមនៅអ៊ុយក្រែន ដោយកន្លងមកលោកខាងលិចតែងតែជំរុញឲ្យមានការថ្កោលទោសយ៉ាងខ្លាំងចំពោះរុស្ស៉ីនៅក្នុងសេចក្តីប្រកាសរបស់មេដឹកនាំ ខណៈដែលប្រទេសផ្សេងទៀតទាមទារឲ្យផ្តោតលើការដោះស្រាយបញ្ហាសេដ្ឋកិច្ច៕