(ភ្នំពេញ)៖ ថ្លែងនៅក្នុងកិច្ចសម្ភាសរបស់កម្មវិធី Fresh Talk នាចុងសប្តាហ៍នេះ លោក ពុយ គា ដែលជាអ្នកសង្កេតការណ៍ផ្ទាល់កិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំអន្តរជាតិផ្សេងៗទៀត បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នៅក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Lavrov បានថ្លែងនៅចំពោះមុខ អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ថា៖ «សូមកុំស្មានថាទឹកស្ងប់ នឹង ស្ងៀម គ្មានសត្វក្រពើឱ្យសោះ»

ការព្រមានរបស់លោក Lavrov បែបនេះ បានធ្វើឡើងបន្ទាប់ពីលោកស្រី Kamala ថ្លែងថា៖ «យើងត្រូវតែឈរនៅជាមួយអ៊ុយក្រែន។ យើងទាំងអស់គ្នាត្រូវតែថ្កោលទោសចំពោះការវាយប្រហារដ៏ឃោរឃៅរបស់រុស្ស៉ីលើអ៊ុយក្រែន ដែលជាការវាយប្រហារលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសនោះ»

លោកស្រី Kamala ក៏បានឌឺដងដាក់ចិនផងដែរថា៖ «យើងនៅតែមានការព្រួយបារម្ភចំពោះសកម្មភាពបង្កហេតុរបស់ចិននៅសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត។ សហរដ្ឋអាមេរិកប្តេជ្ញាធ្វើការជាមួយសម្ព័ន្ធមិត្ត និងដៃគូនៅឥណ្ឌូប៉ាស៊ីហ្វិករបស់យើង។ ចំពោះអ្នកដែលព្យាយាមចង់ធ្វើដូចយើង អ្នកនឹងមិនអាចរកបានដៃគូល្អជាងសហរដ្ឋអាមេរិកដែលមានសព្វថ្ងៃនេះទេ»។

ឆ្លើយតបចំពោះការឌឺដងរបស់ អនុប្រធានាធិបតីអាមេរិក លោក Li Qiang នាយករដ្ឋមន្រ្តីចិន បានព្យាយាមប្រើពាក្យលួងលោមអាស៊ានវិញថា «ចិន និងអាស៊ានជាអ្នកជិតខាងល្អ បងប្អូនល្អ និងដៃគូល្អជាមួយគ្នាណាស់»។ បន្ថែមពីនេះនាយករដ្ឋមន្រ្តីចិនខាងលើ បានលើកឡើងនូវសុភាសិតចិនមួយឃ្លាថា «ធ្វើដំណើរត្រូវការដៃគូល្អ ជិតខាងស្មោះស រស់នៅសុខដុម»

យ៉ាងណាក៏ដោយ តាមការសង្កេតរបស់ លោក ពុយ គា បើទោះបីជាមានរឿងរ៉ាវក្ដៅគគុកខ្លាំង នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា បែបនេះក្ដី ប៉ុន្តែប្រធានអាស៊ានប្ដូរវេនឥណ្ឌូនេស៊ី មិនបានយករឿងរ៉ាវទាំងនោះ មកជជែកនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានទី៤៣ នេះឡើយ។ ការណ៍នេះត្រូវបានអ្នកសង្កេតការណ៍ព្រឹតិ្តការណ៍អន្តរជាតិមួយនេះសរសើរថា គឺជាភាពឆ្លាតវៃ និងប៉ិនប្រសព្វរបស់ឥណ្ឌូនេស៊ី ក្នុងនាមជាប្រធានអាស៊ាន៕