(ភ្នំពេញ)៖ លោក ពុយ គា អ្នកសង្កេតការណ៍ផ្ទាល់ នៅឯកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ បានឲ្យដឹងថា ប្រធានាធិបតីទីម័រខាងកើត គឺលោក ហ្សាណាណា ហ្គូសម៉ៅ បានធ្វើរឿង៣យ៉ាងនៅឯកិច្ចប្រជុំកំពូលអាស៊ាន ដែលនាំឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកចូលរួម មតិអន្តរជាតិ និងពលរដ្ឋឥណ្ឌូនេស៊ី។ ការលើកឡើងរបស់លោក ពុយ គា បានធ្វើឡើងនៅក្នុងកិច្ចសម្ភាសរបស់កម្មវិធី Fresh Talk នៅល្ងាចថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣។
រឿង៣យ៉ាងដែលប្រធានាធិបតីទីម័រខាងកើតធ្វើឱ្យកក្រើកនោះ៖ ការថើបដៃរបស់លោកជំទាវទី១ នៃប្រទេសឥណ្ឌូនេស៊ី នៅពេលលោកស្រីនៅអមជាមួយស្វាមី លោក ចូកូ វីដូដូ នាយករដ្ឋមន្រ្តីនៃប្រទេសឥណ្ឌូនេស៊ី ចាំទទួលបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំអាស៊ាន។ បើតាមការបញ្ជាក់របស់លោក ពុយ គា ឥរិយាបថបែបនេះមិនមែនជាទម្លាប់របស់ឥណ្ឌូនេស៊ី ដែលជាប្រទេសកាន់សាសនាឥស្លាម នោះឡើយ។
យ៉ាងណាមិញនៅក្រោយរឿងនេះ បានកើតឡើង លោក ពុយ គា បានឲ្យដឹងថានៅក្នុងពិធីលៀងសាយភោជន៍ លោក ចូកូ និងភរិយា ហាក់មានការប្រុងប្រយ័ត្នជាងមុន ជាពិសេសនៅពេលប្រធានាធិបតីទីម័រ អញ្ជើញមកដល់ ជំទាវទី១ លើកដៃសំពះមុនតែម្តង ដើម្បីចៀសវាងហេតុការណ៍ដែលអាចកើតឡើងដូចថ្ងៃដំបូងនោះសាជាថ្មី។
នៅក្នុងពិធីលៀងសាយភោជន៍នេះដែរ លោក ហ្គូសម៉ៅ ទទួលបានការចាប់អារម្មណ៍ជាថ្មីម្តងទៀត នោះគឺការឡើងរាំកំសាន្តរបស់លោក ជាមួយក្រុមតន្រ្តី និងអ្នកចូលរួមមួយចំនួនទៀត ប៉ុន្តែមិនមានមេដឹកនាំផ្សេងរូបណា បានធ្វើដូចនេះឡើយ។ ចំណែកចំណុចចុងក្រោយដែល លោក ហ្គូសម៉ៅ ធ្វើឲ្យមានការចាប់អារម្មណ៍ដែរនោះ គឺការដែលលោកបានពិសារបារីនៅក្នុងពិធីលៀងសាយភោជន៍ ហើយពិធីការក៏បានស្នើសូមឱ្យលោកឈប់ពិសារ។ ជាទម្លាប់នៅឯកិច្ចប្រជុំកំពូលអាស៊ាន ឬពិធីលៀងសាយភោជន៍នាន គេមិនអនុញ្ញាតឲ្យពិសារបារីនោះឡើយ។
សូមបញ្ជាក់ដែរថា ប្រទេសទីម័រខាងកើត បានចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅ ប្រទេសឥណ្ឌូនេស៊ី ក្នុងឋានៈជាប្រទេសសង្កេតការណ៍ ក្រោយពេលដែលប្រទេសនេះ បានព្យាយាមដាក់ពាក្យចូលជាសមាជិកតាំងពីឆ្នាំ២០១១មកម្ល៉េះ៕
ខាងក្រោមនេះជាការលើកឡើងរបស់ លោក ពុយ គា៖