(ភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបំភ្លឺជូនសាធារណជនឱ្យដឹងថា នៅប៉ុន្មានម៉ោងចុងក្រោយនេះ នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ ពិនិត្យឃើញមានអ្នកលេងបណ្តាញព័ត៌មានសង្គមមួយចំនួន បានយករូបភាពតាមកាមេរ៉ាសុវត្ថិភាព ០១ឃ្លីបមកបង្ហោះស៊ែរចែករំលែកតគ្នាៗលើករណីហិង្សា០១ បានកើតឡើងរវាងក្រុមក្មេងទំនើង០២ក្រុម បានវាយកាប់គ្នាប្រើប្រាស់ដំបង កាំបិតបុ័ងតោ នៅចំណុចខាងមុខផ្ទះសំណាក់3$ ទល់មុខផ្សារត្រពាំងថ្លឹង ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង០២និង៣០នាទីទាបភ្លឺ ឈានចូលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣។

ហិង្សានេះបានបង្កឱ្យមានអ្នករងរបួស០២នាក់ទី១៖ បុរសម្នាក់ជាប្រជាការពារ ត្រូវបានក្រុមជនបង្កកាប់ត្រូវបណ្តាលឱ្យរងបួសខណៈជនរងគ្រោះទៅឃាត់ក្រុមក្មេងទំនើងកំពុងឈ្លោះគ្នា ដោយឡែកអ្នករងរបួសទី២៖ ជាក្មេងទំនើងបក្ខពួកក្រុមជនបង្កដែលត្រូវបានបក្ខពួករបស់ខ្លួនកាប់ត្រូវដាច់ម្រាមដៃ០៣ ដោយសារតែកាប់គូសត្រូវខុសបែរមកត្រូវគ្នាឯង។

ចំពោះករណីហិង្សាខាងលើក៏សូមបញ្ជាក់ថា ក្រោយកើតហេតនោះភ្លាម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកស្នងការរងទទួលដឹកនាំពង្រឹងការងារអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឧត្តមសេនីយ៍ទោ ហេង រតនា និងលោកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ វរសេនីយ៍ឯក ម៉ន វុទ្ធី ដើម្បីដឹកនាំកម្លាំងស្រាវជ្រាវបង្រ្កាប។ បន្ទាប់មកជនសង្ស័យចំនួន០៤នាក់ ត្រូវបានឃាត់ខ្លួនជាបន្ទាប់ ហើយក៏បានកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់រួចហើយ។

ការបកស្រាយបំភ្លឺជូនសាធារណជន របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺដើម្បីកុំឱ្យមានការភាន់ច្រឡំថាហេតុការណ៍នេះទើបតែកើតឡើងថ្មីៗ។ ការពិតករណីនេះដែលភ្ជាប់មកជាមួយរូបភាពកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បង្រ្កាបបានជនបង្ក០៤នាក់ ជាបន្តបន្ទាប់កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ មកម្លេះ៕