(ភ្នំពេញ)៖ ការទទួលស្គាល់ និងយល់ព្រមចុះបញ្ជិការដល់ ស.ស.ស.ក ពីសំណាក់ក្រសួងព័ត៌មាននៅថ្ងៃនេះ បានធ្វើឡើងបន្ទាប់ពីស្ថាប័នការពារ និងបំរើអ្នកសារព័ត៌មានមួយនេះ បានបំពេញបែបបទចាំបាច់នានា ចប់សព្វគ្រប់ និងមានរចនាសម្ពន្ធ ចាត់តាំងច្បាស់លាស់ និងស្របតាមគោលការច្បាប់។
ផ្តើមចេញពីការទទួលស្គាល់ជាឱឡារិកនេះ ស.ស.ស.ក បានប្រកាសយកថ្ងៃទី៨ ខែ៨ និងម៉ោង៨ ជាពិធីកាលបរិច្ឆេទផ្លូវការ ដែលសមាគម សារព័ត៌មាន ទើបបង្កើតថ្មីនេះ ធ្វើសកម្មភាពជាផ្លូវការចាប់ពីពេលនេះតទៅ។
សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា ត្រូវបាន បង្កើតឡើងដោយការរួមដៃគ្នារវាងអ្នកកាសែត និងអតីតអ្នកកាសែត ដែលមានបទពិសោធន៍ បំរើការងារនៅស្ថាប័នជាតិនិងអន្តរជាតិផ្សេងៗគ្នា ដូចជាវិទ្យុ ទូរទស្សន៍ កាសែតបោះពុម្ព និងកាសែតអនឡាញ (Online) ដែលមានមូលដ្ឋាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។
កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍ សមាជិកស្ថាបនិក ស.ស.ស.ក ចំនួនជាង២០ បានដំណើរការជជែកគ្នាយ៉ាងផុលផុសពីលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងបានបោះឆ្នោតជាកញ្ចប់ ដែលក្នុងនោះលោក ហ៊ុយ វណ្ណៈ អ្នកកាសែតជើងចាស់ បច្ចុប្បន្នជាទីប្រឹក្សា ទូរទស្សន៍ CTN CNC My TV OneTV និង CTN International បានជាប់ជាប្រធាន ស.ស.ស.ក សម្រាប់រយៈពេលអាណត្តិ ៣ឆ្នាំ។ សហភាព ក៏បានជ្រើសរើសគណៈកម្មការនាយកចំនួន៩រូបផងដែរ។ ដោយឡែកចំពោះរចនាសម្ព័ន្ធទូទៅ ស.ស.ស.ក បានរៀបចំឲ្យមានជាអនុប្រធានចំនួន៣រូប ក្នុងនោះ១រូបជាស្រ្តី អគ្គលេខា១រូប និងអគ្គលេខាធិការរង ចំនួន២រូប។
ថ្នាក់ដឹកនាំស្ថាប័នព័ត៌មាន ដែលបានរួមគ្នាចងក្រង សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជានេះ ឡើងមានមកពីទូរទស្សន៍ CTN CNC My TV OneTV, CTN International, BTV TV9 TV11 TV8 Hang Meas TV SEATV TV5 TV3 TVK NTV, សារព័ត៌មាន Fresh News (App+Website), សារព័ត៌មាន Khmer Times និង Kampuchea Thmey ៕