(កំពង់ឆ្នាំង)៖ វិទ្យាល័យព្រះបាទសុរាម្រិត ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានរៀបចំតាំងពិពណ៌សមិទ្ធផលជាស្នាដៃសិស្ស ដើម្បីឱ្យសិស្សមានបំណិនជីវិតសម្រាប់អនាគត។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក យិន សាវ៉េនអភិ បាលរងខេត្តកំពង់ឆ្នាំង ហើយលោកបានថ្លែងនូវការកោតសរសើរដោយស្មោះអស់ពីចិត្តចំពោះលោកគ្រូ អ្នកគ្រូ និងសិស្សនុស្សសិស្សក្នុងវិទ្យាល័យព្រះបាទសុរាម្រិត ដែលបានរៀបចំតាំងពិពណ៌សមិទ្ធផលស្នាដៃរបស់សិស្សនៅថ្ងៃនេះ ដើម្បីសិស្សានុសិស្សមានបំណិនជីវិត និងបទពិសោធន៍ល្អៗក្នុងការចាប់យកអាជីពនៃការងារក្នុងពេលអនាគត។

លោកអភិបាលរងខេត្ត បានបន្តថា ការតាំងពិពណ៌នេះបានបង្ហាញអំពីចំណេះដឹង និងចំណេះធ្វើរួមទាំងសមត្ថភាពរបស់សិស្សគ្រប់ថ្នាក់។ ចំណេះដឹងបំណិនជីវិតនេះមានន័យថា បើយើងរៀនពីឡានត្រូវចេះធ្វើឡាន រៀនអំពីធាតុអាកាសត្រូវយល់ដឹងអំពីការប្រែប្រួលនៃធាតុអាកាស រៀនពីសុខាភិបាលត្រូវចេះវិទ្យាសាស្រ្តនៃសុខាភិបាល។

លោកបានបន្ថែមថា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលថ្មី គឺសម្ដេចធិបតី ហ៊ុនម៉ាណែត បានដាក់ចេញនៅយុទ្ធសាស្ត្របញ្ចកោណ គឺពង្រឹងអភិបាលកិច្ចល្អនៅសាលារៀនគ្រប់កម្រិត, ពង្រឹងការរៀន និងបង្រៀនឱ្យសិស្សតែរៀនបានច្រើន ចេះច្រើនគឺប្រឡង ជាប់, លើកទឹកចិត្តអាហារូបត្ថម្ភដល់សិស្សក្រីក្រខ្វះខាត ការលក់ដូរនំចំណីនៅក្នុងសាលាត្រូវមានគុណភាព ដើម្បីសុខភាពល្អ របស់សិស្ស។

លោកអភិបាលរងខេត្ត បានបញ្ជាក់ទៀតថា តាមការណែនាំរបស់លោកអភិបាលខេត្ត យើងនឹងចុះពិនិត្យមើលការលក់ដូរចំណីអាហារនៅក្នុងសាលាគ្រប់កម្រិតនៅក្នុងខេត្ត គឺពិនិត្យបរិស្ថាន អនាម័យ សួនច្បារ សំលៀកបំពាក់សិស្ស សោភ័ណភាពសាលា និងដោយត្រូវជ្រើសរើសយកសាលារៀនជាគំរូ។

លោកស្រី លឿង បញ្ញាវុធ នាយិកាស្ដីទីវិទ្យាល័យព្រះបាទសុរាម្រិត បានឱ្យដឹងថា នៅក្នុងឆ្នាំសិក្សា២០២៣នេះ វិទ្យាល័យមានបុគ្គលិកសិក្សាសរុបចំនួន ១៦៤នាក់ ស្រី៦៥នាក់ មានសិស្សសរុប ២,៨៥២នាក់ ស្រី ១,៥៦៤នាក់ និងមានថ្នាក់រៀន ៥៩ថ្នាក់។ ដោយឡែកក្នុងឆ្នាំ២០២៣ នេះមានសិស្សពូកែថ្នាក់ជាតិចំនួន ៤នាក់ ស្រី១នាក់។

លោកគ្រូ ឡុង ស៊ីដាវុធ ប្រធានក្រុមបច្ចេកទេសគណិតវិទ្យាខេត្ត និងជាប្រធានបរិស្ថានវិទ្យាល័យ និងអ្នកគ្រូ អេងណាទី គ្រូរូបវិទ្យា នៃវិទ្យាល័យ បានឱ្យដឹងថា ការរៀបចំពិធីតាំងពិព័រណ៍នេះឡើងដើម្បីឱ្យសិស្សបញ្ចេញសមត្ថភាពចំណេះដឹងដែលបានខិតខំសិក្សាកន្លងមក ដើម្បីមានបំណិនជីវិតក្នុងការឈានទៅចាប់អាជីពមុខរបរអ្វីមួយក្នុងពេលអនាគត។ ក្នុងនេះដែរ ក៏មានការតាំងពិពណ៌ម្ហូបអាហារនំ ចំណីរបស់ខ្មែរជាង ៦០មុខ ដែលជាស្នាដៃរបស់សិស្សដើម្បីបង្ហាញពីចំណេះដឹង និងចំណេះធ្វើសម្រាប់ជាបទពិសោធន៍ ក្នុងពេលរៀបចំពិធីតាំងពិព័រណ៍ពេលក្រោយទៀត។

នៅក្នុងឱកាសនេះដែរ លោកគ្រូ អ្នកគ្រូបានសំណូមពរដល់សិស្សានុសិស្សទាំងអស់ត្រូវខិតខំសិក្សារៀនសូត្រតាមកម្មវិធីទំនើបកុំគេចសាលា ដើម្បីអនាគតភ្លឺថ្លារបស់ខ្លួន និងសំណូមពរដល់មាតាបិតាសិស្សសូមចូលរួមសហការជាមួយលោកគ្រូ អ្នកគ្រូតាមដានការសិក្សាកូនៗតើមករៀនសូត្រប្រចាំថ្ងៃត្រឹមត្រូវទេ ឬគេចសាលាដើម្បីមានវិធានការអប់រំតម្រង់ទិសដៅឱ្យពួកគេក្លាយជាសិស្សល្អ កូនល្អ និងជាពលរដ្ឋល្អ ដើម្បីជួយកសាងសង្គមជាតិទៅថ្ងៃអនាគត៕