(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ប្រុសស្រីចំនួន១៣នាក់ ករណីឆក់ និងកាច់កបំបែកសោកម៉ូតូ ក្នុងភូមិសាស្ត្រក្រុង-ខេត្តព្រះសីហនុ។ ក្នុងនោះជនសង្ស័យ៩នាក់ ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
របាយការណ៍សមត្ថកិច្ចដែលភ្នាក់ងារព័ត៌មាន Fresh News ទទួលបាននៅព្រឹកព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹង ប្រតិបត្តិការនេះបានធ្វើឡើងដោយមានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ។
របាយការណ៍ដដែលបានឱ្យដឹងថា កាលពីថ្ងៃទី០១ ខែកញ្ញា វេលាម៉ោង ២១៖២៤នាទី មានករណីឆក់ មួយកើតឡើងបង្កដោយជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ ០១គ្រឿង ធ្វើសកម្មភាពឆក់កាបូប ស្រ្តីម្នាក់កំពុងដើរ តែមិនបានសម្រេច។
ក្រោយពីទទួលបានដំណឹងភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ទើបកំណត់មុខសញ្ញាបាន ឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើបានចំនួន ២នាក់ យកមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំ និងបានឃាត់ខ្លួនបក្ខពួកជាបន្តបន្ទាប់សរុបមានគ្នាចំនួន១៣នាក់ (ស្រី៤)។
លទ្ធផល នៃការស្រាវជ្រាវជនសង្ស័យទាំង០៩នាក់ បានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពឆក់ជាញឹកញាប់ ចាប់ពីអំឡុងខែសីហា ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ និងបានលួចកាច់បំបែកសោកម៉ូតូចំនួន២គ្រឿង នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ពិតប្រាកដមែន។ ចំពោះនារីទាំង៤នាក់ បានឱ្យដឹងថា ពួកខ្លួនពុំបានដឹងពីសកម្មភាពប្រព្រឹត្តបទល្មើស របស់សង្សារខ្លួនធ្វើកន្លងមកនោះទេ។
ឆ្លងតាមការស្រាវជ្រាវជុំវិញករណីខាងលើ, ការបំភ្លឺរបស់ដើមបណ្តឹង, ចម្លើយសារភាពរបស់ជនសង្ស័យ និងរូបភាពតាមកាំមេរ៉ាសុវត្ថិភាព ឈ្មោះអែម តុលា ហៅឡា,ឈ្មោះ សំ ចយ,ឈ្មោះ ឌួង សំណាង ហៅ ស្វិត, ឈ្មោះ ឃុន ធានី, ឈ្មោះ លូង សុភីរ៉ាណាន់ ហៅ តូ, ឈ្មោះខុន ថានិត ហៅស្មោម, ឈ្មោះ ឆៃ វិរៈ ហៅ ឈី ឈីត, ឈ្មោះលី វណ្ណរិទ្ធ និងឈ្មោះ ហេង វេហា គឺជា សហចារី ក្នុងករណីឆក់ និងកាច់បំបែកសោរកម៉ូតូ) ចាប់ពីអំឡុងខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងភូមិសាស្ត្រ ក្រុង-ខេត្តព្រះសីហនុ ពិតប្រាកដមែន។
ឈ្មោះ ណុប ដាវ៉ាន់, ឈ្មោះ អ៊ួន ស្រីចេន ហៅ ល័ក្ក, ឈ្មោះ ទ្រី ទិអឺ និងឈ្មោះ សយ ស្រីពុំ ហៅ ដា ពុំមានតម្រុយពាក់ព័ន្ទបទល្មើសខាងលើឡើយ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះទី១៖ ឈ្មោះ ស៊ឹង សុភក្រ្ក ភេទប្រុស មុខរបរ បុគ្គលិកកុំព្យូទ័រ ស្នាក់នៅក្រុមទី១៧ ភូមិ២ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។ សម្ភារបាត់បង់ម៉ូតូ HONDA DREAM ឆ្នាំ២០១៧ ស្លាកលេខកំពត 1K-2926, ទី២៖ ឈ្មោះ គង់ វណ្ណា ភេទប្រុស មុខរបរដឹកជញ្ជូន Eget ស្នាក់នៅក្រុមទី៤២ ភូមិ៥ សង្កាតលេខ៤ ក្រុង/ខេត្តព្រះសីហនុុ។ សម្ភារដែលបាត់បង់ ម៉ូតូ HONDA DREAM ឆ្នាំ២០២២ ស្លាកលេខភ្នំពេញ1JO-2162។
វត្ថុតាងដែលដកហូតបានជាមធ្យោយបាយធ្វើសកម្មភាពរួមមាន៖ ម៉ូតូម៉ាក SCOOPY CLUB ពណ៌ខ្មៅគ្រឺម ផលិតឆ្នាំ២០២១ ស្លាកលេខ ភ្នំពេញ 1IU-9615, ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ស្លាកលេខ កំពង់ចាម 1AB-2194, ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ស្លាកលេខ ព្រះសីហនុ1J-4185, ម៉ូតូម៉ាក HONDA DREAM ពណ៌ក្រហម ផលិតឆ្នាំ២០២២ គ្មានស្លាកលេខ និងម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ គ្មានស្លាកលេខ។
បច្ចុប្បន្នជនសង្ស័យទាំង៩នាក់ ត្រូវបានបញ្ជូនទៅសាលាដំបូងដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។ ចំពោះនារីទាំង៤នាក់ ត្រូវបានអប់រំ និងមានអាណាព្យាបាលមកធានា៕