(ញូដេលី)៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី នៅថ្ងៃសៅរ៍ ទី៩ ខែកញ្ញានេះបានថ្លែងសុន្ទរកថាបើកកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុងញូវដេលី ជាមួយការប្រើស្លាកឈ្មោះប្រទេសរបស់ថាជាប្រទេសបារ៉ាត់ (Bharat) ជាពាក្យសំស្ត្រឹតសម័យបុរាណមួយ ខណៈមានការសង្ស័យកាន់តែច្រើនឡើងថា រដ្ឋាភិបាលរបស់លោកចង់ប្ដូរឈ្មោះប្រទេសពីឥណ្ឌា ទៅជា Bharat វិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ការប្រើស្លាកឈ្មោះប្រទេសរបស់ថាជាប្រទេសបារ៉ាត់ (Bharat) ជំនួសឱ្យប្រទេសឥណ្ឌា កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលរបស់ លោក ម៉ូឌី បានផ្ញើលិខិតអញ្ជើញមេដឹកនាំនានាចូលរួមពិធីទទួលទានអាហារពេលល្ងាចនៅកិច្ចប្រជុំកំពូល G20 ដោយប្រើឈ្មោះប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៃប្រទេស Bharat។ លោក ម៉ូឌី ខ្លួនឯងក៏ធ្លាប់បានប្រើពាក្យ Bharat ជំនួសឱ្យឥណ្ឌាជាញឹកញាប់ផងដែរ ខណៈក្រុមអ្នកជាតិនិយម ហិណ្ឌូនៅក្នុងជួរគណបក្សកាន់អំណាចរបស់លោក បានប្រឆាំងជំទាស់នឹងការប្រើឈ្មោះឥណ្ឌា សម្រាប់ហៅប្រទេសរបស់ពួកគេ ដោយយល់ថានេះជា ឈ្មោះត្រូវបានហៅដោយអាណានិគមអង់គ្លេស។
គួរបញ្ជាក់ថា នៅក្នុងរដ្ឋធម្មនុញ្ញឥណ្ឌា ពាក្យ Bharat និង India (ឥណ្ឌា) គឺជាឈ្មោះផ្លូវការទាំង២ សម្រាប់ហៅប្រទេសឥណ្ឌាដែលគេស្គាល់ជាទូទៅ នៅជុំវិញពិភពលោក។ ប៉ុន្តែ គណបក្សប្រឆាំងឥណ្ឌា បានចោទប្រកាន់រដ្ឋាភិបាលលោក ម៉ូឌីថាមានបំណងលុបចោលឈ្មោះឥណ្ឌា និងហៅប្រទេសថា Bharat តែមួយវិញ។ យ៉ាងណាក៏ដោយ ទាំងលោក ម៉ូឌី និងរដ្ឋាភិបាលរបស់លោកមិនទាន់បញ្ជាក់ជាផ្លូវការថាតើនឹងដូរឈ្មោះប្រទេសមែនដែរ ឬក៏យ៉ាងណានោះទេ៕