(ភ្នំពេញ)៖ បន្ទាប់ពីការសាងសង់នូវអគារសិក្សា ចំនួន៩ជាន់រួចរាល់ និងត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ ពុទ្ធិកៈសាកលវិទ្យាល័យព្រះសីហមុនីរាជ ដែលមានសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ជាព្រះសាកលវិទ្យាធិការ បានសម្រេចពង្រីកនូវការបណ្ដុះបណ្ដាល ដល់ថ្នាក់បណ្ឌិតជាលើកដំបូង សម្រាប់សមណនិស្សិត និងសិស្សនិស្សិត បានបន្តការសិក្សា។

ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលថ្នាក់បណ្ឌិត នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក ងួន ស្ដេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាទីប្រឹក្សាផ្ទាល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ពុទ្ធិកៈសាកលវិទ្យាល័យសីហមុនីរាជា គឺជាគ្រឹះស្ថានឧត្តមសិក្សាពុទ្ធសាសនាដំបូងគេនៅកម្ពុជា បានបើកបង្រៀនថ្នាក់បណ្ឌិត សម្រាប់សិស្សនិស្សិត មានបំណងចង់សិក្សាបន្តថ្នាក់បណ្ឌិត។

លោកបានបន្តថា សម្រាប់ការទទួលសិស្សនិស្សិត ចូលសិក្សាថ្នាក់បណ្ឌិត នៅក្នុងសាកលវិទ្យាល័យព្រះសីហមុនីរាជានេះ គឺទទួលមកពីគ្រប់ទិសទីទាំងអស់ ដោយមិនមានការរើសអើងនិន្នាការនយោបាយ ឬសាសនាអ្វីឡើយ។

គួរបញ្ជាក់ថា ចំពោះសមណនិស្សិត និងសិស្ស និស្សិតបានចូលរៀនថ្នាក់បណ្ឌិតលើកដំបូង នៅពុទ្ធិកៈសាកលវិទ្យាលព្រះសីហមុនីរាជា មានចំនួនជាង៨០អង្គ/រូប ហើយសម្រាប់ថ្នាក់បណ្ឌិត ដែលមានបើកបង្រៀនសរុបចំនួន៩ជំនាញ ក្នុងនោះមានជំនាញធុរកិច្ច ជំនាញទស្សនវិទ្យា និងសាសនា ជំនាញនីតិសាស្ត្រ ជំនាញរដ្ឋបាលសាធារណៈ ជំនាញរដ្ឋបាលអប់រំ ជំនាញវិទ្យាសាស្ត្រអប់រំជាដើម៕