(កំពង់ធំ)៖ លោក ហាក់ ម៉ុង ហួត អភិបាលស្រុកតាំងគោក និងព្រះគ្រូសីលមុនីវង្ស តុ ន ពិសី ព្រះគ្រូចៅអធិការវត្តគុហនគរ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ បាននិមន្តចុះសួរសុខទុក្ខចែកអំណោយសប្បុរសធម៌ ដល់លោកយាយ លោកតា ទីទ័លក្រចំនួន ៣៥គ្រួសារ មកពី៧ភូមិ ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ។
ព្រះគ្រូសីលមុនីវង្ស តុន ពិសី ព្រះគ្រូចៅអធិការវត្តគុហនគរ សម្ដែងនូវទឹកព្រះទ័យសប្បាយរីករាយដែលឃើញថ្នាក់ដឹកនាំស្រុកយកយកចិត្តទុកដាក់ដឹងសុខទុក្ខ ប្រជាពលរដ្ឋក្នុងស្រុកតាំងគោកទោះនៅក្នុងកាលៈទេសៈណាក៏ដោយ លោកតែងតែចុះជាប់ជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច។ ព្រះអង្គមានមោទនភាពដោយបានលោកអភិបាលស្រុកតែងតែលើកទឹកចិត្ត និងផ្តល់ទំនុកចិត្តដល់ព្រះអង្គក្នុងការគៀងគរសប្បុរសជនដើម្បីចូលរួមសកម្មភាពមនុស្សធម៌ និងចូលរួម អភិវឌ្ឍស្រុកតាំងគោកដោយមានការរីកចម្រើនជាបន្តបន្ទាប់។
លោក ហាក់ ម៉ុងហួត បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំ និងផ្តល់ជាគំនិតឱ្យថ្នាក់ដឹកនាំភូមិ-ឃុំធ្វើណាចុះជាប់ ជាមួយប្រជាពលរដ្ឋរបស់យើងនៅតាមមូលដ្ឋានតាមផ្ទះ។ ការចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ គឺដឹងពីការលំបាក និងបញ្ហាប្រឈមព្រមទាំងសំណូមពរពីតម្រូវការទាំងឡាយរបស់បងប្អូនដើម្បីធ្វើការរួមគ្នាក្នុងការដោះស្រាយ ។
លោកបានបន្ថែមទៀតថា បងប្អូននៅឃុំពង្រ ពិតជាមានសំណាដែលមានព្រះគ្រូមុនីសីលវង្ស តុន ពិសី ព្រះអង្គតែងតែមានទឹកព្រះទ័យស្រណោះអាណិតលោកយាយលោកតា ដែលមានជីវភាពលំបាកព្រោះព្រះសង្ឃ តែងតែមានសម្ភារៈ និងបច្ច័យដើម្បីជួយសម្រាលការលំបាក។ ជាងនេះទៅទៀតព្រះសង្ឃបានដឹកនាំពុទ្ធបរិស័ទ្ធ និងសប្បុរសជនកសាងផ្លូវ បេតុង និងដាំបង្គោលភ្លើងនៅតាមផ្លូវដើម្បីបំភ្លឺជាពិសេសសមិទ្ធផលជាច្រើននៅក្នុងឃុំ ។
ចុងក្រោយលោក ហាក់ ម៉ុងហួត ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នទៅលើក្មេងតូចៗពីបញ្ហាគ្រុនឈាមព្រោះរដូវនេះជារដូវភ្លៀងធ្លាក់សំបូរដោយសត្វមូស។ សូមបញ្ជាក់ថា អំណោយដែលចែកជូនដល់គ្រួសារ មានជីវភាពខ្វះខាតចំនួន៣៥នាក់ ក្នុង១នាក់ទទួលបាន៖ អង្ករ២៥គីឡូក្រាម មី០១កេស ទឹកត្រី០១យួរ ឃីត ០១កញ្ចប់ ទឹកបរិសុទ្ធ០១យួរ និងថវិកា ៥ម៉ឺនរៀលផងដែរ៕