(ភ្នំពេញ)៖ បន្ទាប់ពីបានសិក្សា និងអនុវត្តផ្ទាល់រយៈពេលជិត៣ខែកន្លងមក វគ្គសិក្សាខ្លី អំពី «របៀបសរសេរព័ត៌មានដំណឹង និងបទយកការណ៍សម្រាប់ទូរទស្សន៍ និងវិទ្យុ» របស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News (FTC) នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឈានដល់ការប្រឡងបញ្ចប់ហើយ។

ការសិក្សាវគ្គនេះមានរយៈពេល៣ខែ ដោយមានសិក្ខាកាមចូលរៀនជាង ៣០នាក់ បានរៀនទាំងទ្រឹស្ដី និងការអនុវត្តផ្ទាល់។ ការប្រឡងនាថ្ងៃនេះ ដែលធ្វើជាទម្រង់កូនកាត់ គឺប្រឡងផ្ទាល់ផង និងតាមអនឡាញផង គឺជាការធ្វើតេស្តសមត្ថភាពរបស់សិក្ខាកាម ដែលបានចូលរួមវគ្គសិក្សា ១២សប្តាហ៍កន្លងមក។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (Fresh News Training Center) ហៅកាត់ថា «FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News។ «FTC» ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មានក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។

FTC មានលោក ម៉ារ យ៉ារិទ្ធ ជាប្រធាន ដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជិត៤០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។

នៅក្រោយការបញ្ចប់វគ្គសិក្សា លោកអ្នកនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដែលចេញដោយអង្គភាព និងគ្រូបង្គោលទៀតផង៕