(ណានជីង, ចិន)៖ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន, លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញបោសសម្អាតមីនដល់មន្ត្រី និងនាយទាហានកម្ពុជា នៅទីក្រុងណានជីង សាធារណរដ្ឋប្រជាមានិតចិន ដែលក្នុងនោះមានសិក្ខាកាមមកពីអាជ្ញាធរមីន កងទ័ពជើងគោក និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម។

ក្នុងសុន្ទរកថាថ្លែងក្នុងពិធីបិទវគ្គនោះ លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជា និងចិន បានកសាងនូវទំនាក់ទំនងជាប្រវត្តិសាស្រ្ត ជាអមតៈ ពុំអាចកាត់ថ្លៃបាន ពោរពេញដោយភាពជិតសិ្នទបំផុត និងជាមិត្តដែកថែប។ ឆ្នាំ២០២៣នេះ ចំណងការទូតជាផ្លូវការរវាងប្រទេស និងប្រជាជនទាំងពីរ ឈានដល់ខួបទី ៦៥ឆ្នាំ ដែលបានកសាងឡើងដោយ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងប្រមុខរដ្ឋ ម៉ៅ សេទុង នៅឆ្នាំ១៩៥៨ និងក្រោយមកទៀត ក្រោមទស្សនវិស័យរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានពង្រឹង និងពង្រីកនូវចំណងមិត្តភាពនេះ ឲ្យកាន់តែស៊ីជម្រៅ កាន់តែជិតស្និទ្ធ កាន់តែរឹងមាំ ដើម្បីបម្រើឲ្យផល ប្រយោជន៍នៃប្រជាជន និងប្រជាជាតិទាំងពីរ រហូតឈានដល់ការបង្កើត «ភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន»

ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឈរលើមូលដ្ឋានស្មើភាពគ្នា និងមានការជឿជាក់លើគ្នាទៅវិញទៅមក ដើម្បីឧត្តមប្រយោជន៍រួម។ កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន និងបន្តមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាន់នូវនយោបាយ «ចិនមួយ» យ៉ាងខ្ជាប់ខ្ជួន ខណៈដែលចិនគោរពយ៉ាងម៉ឺងម៉ាត់នូវឯករាជ្យ និងអធិបតេយ្យរបស់កម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែផ្តល់នូវការគាំទ្រចំពោះកម្ពុជា ទាំងពេលកន្លងមក និងពេលបច្ចុប្បន្ន ដល់កិច្ចការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ជាដើម។ ជាមួយនឹងជំនួយមនុស្សធម៌ពីប្រទេសចិន រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានចុះកិច្ចព្រមព្រៀងទ្វេភាគី រវាងរដ្ឋាភិបាលកម្ពុជា-ចិន លើវិស័យធំៗជាច្រើន ក្នុងនោះក៏មានវិស័យការពារជាតិ និងការបោសសម្អាតមីនមនុស្សធម៌។

ទេសរដ្ឋមន្រ្តី បានបន្តទៀតថា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ស្នើសុំគាំទ្រពីប្រធានាធបតី ស៊ី ជីនពីង ចាប់ពីឆ្នាំ២០១៨ ក្នុងគម្រោងលប់បំបាត់គ្រាប់មីននៅកម្ពុជា អង្គភាពស៊ីម៉ាក់ បានធ្វើការបោសសម្អាតមីន និងគ្រាប់ក្នុងទំហំផ្ទៃដីប្រមាណជា ១០៦គីឡូម៉ែត្រក្រឡា និងមានអ្នកទទួលផលជាង ១លាននាក់ ស្ថិតក្នុងខេត្តកំពង់ធំ សៀមរាប ព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង កំពង់ឆ្នាំង និងខេត្តស្វាយរៀង។

បច្ចុប្បន្ននេះ ប្រទេសចិន បាននិងកំពុងចូលរួមជួយជ្រោមជ្រែង ទាំងថវិកា សម្ភារបច្ចេកទេស និងបណ្តុះបណ្តាលធនធានមនុស្សជាបន្តបន្ទាប់ ដើម្បីកម្ពុជាអាចសម្រេចបាននូវគោលដៅ គ្មានមីនត្រឹមឆ្នាំ២០២៥។ ជំនួយរបស់មិត្តចិន បានចូលរួមជួយសង្រ្គោះជីវិតរបស់ប្រជាជនកម្ពុជាឲ្យរួចចាកផុតពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ហើយធ្វើឲ្យលក្ខខណ្ឌរស់នៅរបស់ប្រជាជនកាន់តែប្រសើរ។ ការចូលរួមចំណែកពីមិត្តចិន កម្ពុជា នឹងអាចទទួលបានជោគជ័យ ក្នុងការអនុវត្តនូវផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ គឺឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានមីនឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានលើកឡើងអំពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ជាពិសេសការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ដែលជាផ្នែកមួយនៃជំនួយមនុស្សធម៌របស់ប្រទេសចិន។ ឆ្នាំ២០២៣នេះ គឺជាឆ្នាំទី៦ ដែលប្រទេសចិន បានផ្តល់ការឧបត្ថម្ភគាំទ្រ ដល់វគ្គហ្វឹកហ្វឺនជំនាញបោសសម្អាតមីន បន្ទាប់ពីខកខានអស់រយៈពេល៣ឆ្នាំ (២០២០-២០២២) ដោយសារតែការរាតត្បាតនៃ ជំងឺកូវីដ-១៩នៅទូទាំងសកលលោក។

វគ្គហ្វឹកហ្វឺនទាំង៦វគ្គនេះ បានទទួលសិក្ខាកាមកម្ពុជា សរុបចំនួន ១៩៩នាក់ និងបានផ្តល់នូវជំនួយជាសម្ភារបោសសម្អាតមីន ផ្តល់នូវការពង្រឹងសមត្ថភាព ដល់មន្រ្តីអាជ្ញាធរមីន មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងកងយោធពល ខេមរភូមិន្ទ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ សិក្ខាកាមដែលបានឆ្លងកាត់វគ្គហ្វឹកហ្វឹកនេះ បានប្រមូលផ្តុំសំខាន់ៗទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ធ្វើជាមូលដ្ឋានគ្រឹះបន្ថែមទៀត លើការអភិវឌ្ឍសមត្ថភាព ធានាបាននូវ សុវត្ថិភាពផ្ទាល់ខ្លួន និងឈានទៅផ្តល់នូវប្រសិទ្ធភាពការងារក្នុងការជួយសង្រ្គោះជីវិតប្រជាជនកម្ពុជា ឱ្យរួចចាកផុតពីគ្រោះថ្នាក់ដោយសារមីន ក៏ដូចជាការចូលរួមកាន់តែខ្លាំងក្លាថែមទៀត លើដំណើរការរក្សាសន្តិភាព ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។

ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី បានស្នើសុំប្រទេសចិន បន្តពិនិត្យលទ្ធភាព និងជួយឧបត្ថម្ភគាំទ្រដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ទាំងសម្ភារបច្ចេកទេស និងហិរញ្ញវត្ថុ ព្រមទាំងការបណ្តុះបណ្តាលធនធានមនុស្សបន្ថែម ទោះបីនៅសាធារណរដ្ឋប្រជាមានិតចិន ឬនៅកម្ពុជាក៏ដោយ។ ទេសរដ្ឋមន្រ្តី ក៏បានស្នើសុំឲ្យរដ្ឋាភិបាលចិន បន្តជួយដល់កម្ពុជា ក្រោយឆ្នាំ២០២៥ តាមរយៈអង្គភាពស៊ីម៉ាក់ ក្នុងការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោមនៅទូទាំងប្រទេស ក៏ដូចជាគាំទ្រផ្តល់សម្ភារៈបច្ចេកទេស និងកិច្ចសហប្រតិបត្តិការត្បូង-ត្បូង។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រសួងការបរទេស និងក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់នូវកិច្ចសហការ និងរៀបចំវគ្គហ្វឹកហ្វឺននេះឡើង ក្រោមការសម្របសម្រួល និងការខិតខំប្រឹងប្រែងរបស់លោក Wang Wentian ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា។

ទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជៅជូនចំពោះថ្នាក់ដឹកនាំ យោធាចារ្យ បុគ្គលិកទាំងអស់ នៃសាកលវិទ្យាល័យបច្ចេកទេស និងវិទ្យាសាស្ត្រកងទ័ពរំដោះប្រជាជនចិន ដែលបានរៀបចំឱ្យមានវគ្គហ្វឹកហ្វឺននេះឡើងវិញ បន្ទាប់ពីខកខានរយៈពេល៣ឆ្នាំកន្លងមក នឹងសង្ឃឹមថាមិត្តចិននឹងបន្តផ្តល់នូវវគ្គបណ្តុះបណ្តាលនេះ ក៏ដូចជាការឧបត្ថម្ភគាំទ្រដល់ការធ្វើសមយុទ្ធបោសសំអាតមីនរវាងភាគីទាំងពីរជាបន្តបន្ទាប់ទៀត៕