(ភ្នំពេញ)៖ ឯកឧត្តម ប៉ុល សារឿន បានផ្ញើសារលិខិតថ្លែងអំណរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានទូលថ្វាយព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល អាណត្តិទី៧ មានឋានៈស្មើ «ឧបនាយករដ្ឋមន្ត្រី»

តាមរយៈសារលិខិតថ្លែងអំណរគុណ ឯកឧត្តម ប៉ុល សារឿន បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំបាទមានបីតិសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏វិសេសវិសាលដែលរូបខ្ញុំត្រូវបានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងខ្ញុំជា «ទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី» តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៩២៣/២១៣៨ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣។

ខ្ញុំសូមប្ដេជ្ញាខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីរួមចំណែកបម្រើឧត្តមប្រយោជន៍ដល់សង្គមជាតិ ថែរក្សាការពារសន្តិភាព ការពារអធិបតេយ្យ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា រួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែសម្បូររុងរឿងលើគ្រប់វិស័យ។

ខ្ញុំបាទសូមគោរពកោតសរសើរយ៉ាងក្រៃលែងបំផុតចំពោះសម្ដេចធិបតី ដែលជាប្រមុខរាជរដ្ឋាភិបាលពោរពេញដោយសមត្ថភាព ចំណេះដឹងជ្រៅជ្រះ និងទេពកោសល្យដ៏ប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិត ដែលទទួលបានការកោតសរសើរ គោរពស្រឡាញ់ពីសំណាក់ប្រជាជនទូទៅ មន្ដ្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងបន្តដឹកនាំប្រទេសជាតិឱ្យកាន់តែអភិវឌ្ឍរីកចម្រើនល្បីរន្ទឺលើឆាកអន្តរជាតិ។

ក្នុងឱកាសដ៏មហាប្រពៃនេះ ខ្ញុំបាទសូមគោរពប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះសម្ដេចធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ជាទីស្រលាញ់ សូមប្រកបបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមេត្តាទទួលនូវគារវភក្ដីភាពដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំបាទ»៕