(ភ្នំពេញ)៖ ឯកឧត្តម ប៉ុល សារឿន បានផ្ញើសារលិខិតថ្លែងអំណរគុណសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានត្រាស់បង្គាប់ចេញព្រះរាជក្រឹត្យតែងតាំងលោកជាទីប្រឹក្សារាជរដ្ឋាភិបាល អាណត្តិទី៧ មានឋានៈស្មើ «ឧបនាយករដ្ឋមន្ត្រី»។

តាមរយៈលិខិតថ្លែអំណរគុណ ឯកឧត្តម ប៉ុល សារឿន បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំបាទមានបីតិសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានត្រាស់បង្គាប់តែងតាំងខ្ញុំជា «ទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី» តាមរយៈព្រះរាជក្រឹត្យលេខ នស/កត/០៩២៣/២១៣៨ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣។

ខ្ញុំសូមប្ដេជ្ញាខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីរួមចំណែកបម្រើឧត្តមប្រយោជន៍ដល់សង្គមជាតិ ថែរក្សាការពារសន្តិភាព ការពារអធិបតេយ្យ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា រួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែសម្បូររុងរឿងលើគ្រប់វិស័យ។

ខ្ញុំសូមបួងសួងចំពោះគុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបី និងវត្ថុសក្តិសិទ្ធិទាំងឡាយក្នុងលោក សូមព្រះអង្គប្រោសព្រះរាជប្រទាននូវសព្ទសាធុការពរដ៏បវរមហាប្រសើរជូនសម្តេចក្នុងឋានៈដ៏ខ្ពង់ខ្ពស់ជាប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី សូមប្រកបដោយសុខភាពល្អបរិបូណ៍ កម្លាំងកាយមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីដឹកនាំស្ថាប័ននីតិបញ្ញត្តិកំពូលរបស់ជាតិ សម្រេចបានជោគជ័យថ្មីៗថែមទៀត សំដៅពង្រឹងនីតិរដ្ឋឱ្យកាន់តែរឹងមាំ ឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែសម្បូររុងរឿង។

ក្នុងឱកាសដ៏ប្រពៃនេះ ខ្ញុំសូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរជូនសម្តេចប្រមុខរដ្ឋស្តីទី និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជាមេត្តាទទួលនូវគារវភក្ដីភាពដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ»៕