(ភ្នំពេញ)៖ យ៉ាងហោចមានកុមារកំព្រាឥតទីពឹង១៥៧នាក់កំពុងទទួលបានការគាំពាពី «មណ្ឌលមែកឈើ» ទាំងជម្រករស់នៅ ឧបភោគបរិភោគ ផ្ដល់ការសិក្សាអប់រំ និងសម្ភារផ្សេងៗទៀត សំដៅជួយស្ដារអនាគតពួកគេឱ្យល្អប្រសើរឡើងវិញ កសាងទំពាំងដែលមានសមត្ថភាពជូនប្រទេសជាតិ ហើយថ្នាកដឹកនាំមណ្ឌលជួយក្មេរកំព្រាមួយនេះក៏នៅតែបន្តឆន្ទៈជួយក្មេងៗដែលគ្មានទីពឹងទីជម្រកដទៃទៀតដែរ។
លោក ផន ផល្លា ប្រធានមណ្ឌលមែកឈើ និងជាទីប្រឹក្សារាជរដ្ឋាភិបាល បានបញ្ជាក់ថា ការជួយគាំពារដល់ក្មេងកំព្រាគ្មានទីពឹង១៥៧នាក់នេះ គឺដោយសារឪពុកម្ដាយស្លាប់ចោល ឬបោះបង់ចោល ដូច្នេះមណ្ឌលមែកឈើរបស់លោកក៏ជួយនាំយកមកចិញ្ចឹម ផ្ដល់ទីជម្រករស់នៅ ផ្គត់ផ្គង់ហូបចុក និងផ្ដល់ការសិក្សារយៈពេលវែងដូចកុមារដទៃទៀតដែរ។
លោកថ្លែងយ៉ាងដូច្នេះថា «មណ្ឌលមែកឈើ បង្កើតឡើងរយៈពេល៣៩ឆ្នាំមកហើយ ពោលគឺតាំងពីឆ្នាំ១៩៩៤ ដោយបានទទួលចិញ្ចឹមកុមារកំព្រាជាង៧០០នាក់ ដែលពួកគេសុទ្ធតែទទួលបានការទំនុកបម្រុងឱ្យសិក្សារហូតដល់ចប់មហាវិទ្យាល័យទៅតាមជំនាញរៀងៗខ្លួន និងចិញ្ចឹមខ្លួនឯងបាន»។
លោក ផន ផល្លា បានបន្ថែមថា មណ្ឌលមួយនេះ ភាគច្រើនទទួលបានការឧបត្ថម្ភពីសប្បុរសជនក្រៅប្រទេស ដូចជា គ្រួសារមួយនៅសហរដ្ឋអាមេរិក អង្គការ Happy Tree នៅហុងកុង អូស្រ្តាលី ហើយឥឡូវនេះគឺទទួលបានជំនួយក្នុងស្រុកពីប្រជាពលរដ្ឋខ្មែរ ក្រុមហ៊ុនឯកជន និងរាជរដ្ឋាភិបាល។
ដោយឃើញនូវទឹកចិត្តសប្បុរសធម៌នេះ លោក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល និងក្រុមហ៊ុន Midass បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារសិក្សាជូនដល់ក្មេងកំព្រាគ្មានទីពឹងទាំង១៥៧នាក់នៅមណ្ឌលមែកឈើ នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ នៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
លោកអធិការ ហុង ពិសិដ្ឋ និងតំណាងក្រុមហ៊ុន Midasss ក៏បានបង្ហាញឆន្ទៈរួមគ្នាគាំទ្រសកម្មភាពសប្បុរសធម៌របស់លោក ផន ផល្លា ប្រឹងប្រែងដើម្បីអាហាររបស់ក្មេងៗកុមារកំព្រាពេញមួយឆ្នាំ។
ទាំងលោក ផន ផល្លា ទាំងលោកអធិការនគរបាលខណ្ឌកំបូល និងតំណាងក្រុមហ៊ុន Midasss សុទ្ធតែបានអំពាវដល់សប្បុរសជនដទៃជិតឆ្ងាយ សូមចូលរួមគាំទ្រជាថវិកាក្ដី សម្ភារសិក្សាក្ដី គ្រឿងឧបភោគបរិភោគក្ដី ដើម្បីបន្តការផ្គត់ផ្គង់ដល់ក្មេងៗជាកុមារកំព្រានៅមណ្ឌលមែកឈើនេះតទៅមុខទៀត សំដៅជួយកសាងអនាគតពួកគេឱ្យក្លាយជាពលរដ្ឋល្អ មានការសិក្សាអប់រំ មានសមត្ថភាពចូលរួមបម្រើការងារ ក៏ដូចជាកសាងប្រទេសតទៅជំនាន់ក្រោយៗផងដែរ៕