(ភ្នំពេញ)៖ នៅក្នុងវគ្គសិក្សាថ្មីស្តីពី «មូលដ្ឋានគ្រឹះ នៃការសរសេរព័ត៌មានសេដ្ឋកិច្ច និងជំនួញ» របស់មជ្ឈមណ្ឌលបណ្តុះបណ្តាល Fresh News (FTC) នៅចុងសប្តាហ៍នេះ លោក អាន ស៊ីថាវ អ្នកជំនាញព័ត៌មានសេដ្ឋកិច្ច មានពិសោធន៍ការងារប្រមាណ១៥ឆ្នាំ បានលើកឡើងថា ក្នុងនាមជាអ្នកសារព័ត៌មានជំនាញម្នាក់ ជាពិសេសអ្នកសរសេរព័ត៌មានសេដ្ឋកិច្ច ត្រូវតែចេះអំពីរបៀបវិភាគព័ត៌មាន មុននឹងសរសេរផ្សាយជូនដល់អ្នកអានរបស់ខ្លួន។
លោក អាន ស៊ីថាវ បានបន្ថែមថា របៀបបង្កើតការវិភាគព័ត៌មាន ឬលក្ខណៈពិសេស រួមមាន៖
១៖ គិត៖ តើរឿងនេះនិយាយអំពីអ្វី?
* រាយបញ្ជីធាតុសំខាន់បំផុតពាក់កណ្តាលដែលអ្នកចង់គ្របដណ្តប់។
២៖ គិត៖ តើខ្ញុំអាចទៅណាបាន?
* ធ្វើរបាយការណ៍។
* គិតម្តងទៀត៖ តើរឿងនេះនិយាយអំពីអ្វី?
* ត្រូវប្រាកដថាអ្នកមានទិន្នន័យពាក់ព័ន្ធទាំងអស់។
* បន្ទាប់មកបង្កើតរឿង ដោយធ្វើឱ្យប្រាកដថាធាតុនីមួយៗត្រូវបានភ្ជាប់យ៉ាងត្រឹមត្រូវ។
លោក អាន ស៊ីថាវ បានពន្យល់ផងដែរថា អ្នកសរសេរព័ត៌មាន ត្រូវតែដឹងអំពី «Background» ព័ត៌មាន ទើបអាចសរសេររឿងមួយដែលថ្មី ហើយទទួលចំណាប់អារម្មណ៍ពីអ្នកអាន ដែលដូចនឹងពាក្យមួយថា «ទាល់តែស្គាល់រឿងចាស់ ទើបដឹងថារឿងណាមួយជារឿងថ្មី» ជាពិសេសសម្រាប់អ្នកសរសេរព័ត៌មានសេដ្ឋកិច្ចតែម្តង។
សូមបញ្ជាក់ថា វគ្គសិក្សាថ្មីស្តីពី «មូលដ្ឋានគ្រឹះ នៃការសរសេរព័ត៌មានសេដ្ឋកិច្ច និងជំនួញ» គឺជាវគ្គសិក្សាថ្មីទី៣ របស់ FTC បន្ទាប់ពីវគ្គសិក្សាអំពីរបៀបសរសេរព័ត៌មានទូទៅ និងវគ្គសិក្សាអំពីជំនាញថតរូប។ ខណៈដែល FTC គ្រោងនឹងដាក់ចេញនូវវគ្គផ្សេងៗទៀត ពាក់ព័ន្ធនឹងជំនាញព័ត៌មាន។
FTC ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើង នៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។
FTC មាន លោក ម៉ារ យ៉ារិទ្ធ ជាប្រធាន ដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជិត៤០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក៕