(ភ្នំពេញ)៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងយុវជនកាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមមានថវិកា៥លានរៀល ម៉ាស៊ីនដេរ១គ្រឿង និងគ្រឿងឧបភោគ-បរិភោគមួយចំនួនទៀត ផ្តល់ជូនគ្រួសារពិការទាំងពីរនាក់ប្តីប្រពន្ធ ដែលមានជីវភាពលំបាកខ្លាំង ប្រកបរបរដេរកាបូបលក់ រស់នៅបន្ទប់ជួលតូចមួយ ស្ថិតនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
លោក ទេព ម៉ឹង អាយុ ៤៧ឆ្នាំ ជាអតីតយោធិនពិការដោយគ្រាប់មីន នៅសមរភូមិមុខខេត្តបាត់ដំបង និងប្រពន្ធឈ្មោះ ស៊ុន សុផល អាយុ ៤៣ឆ្នាំ ជាជនពិការស្វិតជើង ពីកំណើត មានកូនស្រីម្នាក់អាយុទើបតែ៧ខែ ប្រកបរបរដេរកាបូប ដោយពឹងអាស្រ័យលើម៉ាស៊ីនដេរមួយគ្រឿងរបស់គាត់ តែត្រូវបានកូនប្រុសប្រពន្ធមុនញៀនថ្នាំ លួចយកទៅលក់។
ការចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ បានធ្វើឲ្យក្រុមគ្រួសារ លោក ទេព ម៉ឹង មានក្តីរំភើបរីករាយជាខ្លាំង ដោយបានការសណ្តោសប្រណីពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ឧបត្ថម្ភ ម៉ាស៊ីនដេរថ្មី និងថវិកា៥លានរៀល ដែលអាចផ្តល់លទ្ធភាពដល់ក្រុមគ្រួសារគាត់ យកធ្វើជាដើមទុន ក្នុងការប្រកបរបរដេរកាបូបឡើងវិញ និងសង្ឃឹមថាជីវភាពគ្រួសារបានរីកចម្រើនជាងមុន។
សូមបញ្ជាក់ថា អ៊ុំស្រីជាម្ដាយរបស់គ្រួសារពិការនេះ ក៏ទទួលបាន ថវិកា១០ម៉ឺនរៀល និងឃីត១ (សារុង១ ក្រមា១ មុង១) ផងដែរ៕