(កំពង់ធំ)៖ លោក ជា បូរ៉ា អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបារាយណ៍ តំណាងលោក ថោង ខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបារាយណ៍ និងស្រុកតាំងគោក នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារគណបក្សចុះត្រួតពិនិត្យស្ថានភាពទូកងចំនួន២គ្រឿង និងផ្ដល់ការណែនាំជួសជុល ពង្រឹងស្មារតីក្រុមកីឡាករទាំង២ក្រុម ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងបណ្ដែតប្រទីព សំពះព្រះខែ នាខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ។
គួរជម្រាបថា នៅក្នុងស្រុកបារាយណ៍មានទូកងទាំង២គ្រឿងនេះ ដែលសុទ្ធតែជាទូកងល្បីៗ និងធ្លាប់រក្សាចំណាត់ថ្នាក់ផែនលេខ១ក្នុងការប្រកួតជាហូរហែ ក្នុងនោះរួមមាន៖
១. ទូកង «ធនសក្តិតេជោសែនជ័យបារមីវត្តបាណក» ចំណុះកីឡាករ៦៨នាក់ ដែលត្រូវបានកសាងនៅឆ្នាំ២០១២ និងចូលរួមប្រកួតតាំងពីឆ្នាំ២០១៣-២០១៩ (ឆ្នាំ២០២០-២០២២ ត្រូវបានផ្អាក់ដោយសារកូវីដ១៩)។
២. ទូកង «ចតុលោកតេជោសែនជ័យ» ចំណុះកីឡាករ៧៣នាក់ ដែលត្រូវបានកសាងឡើងនៅឆ្នាំ២០០៧ និងចូលរួមប្រកួតតាំងពីឆ្នាំ២០០៧-២០១៩។
នាឱកាសចុះត្រួតពិនិត្យនោះដែរ លោក ជា បូរ៉ា តំណាងលោកទេសរដ្ឋមន្ត្រី ថោង ខុន បានផ្ដល់ការណែនាំឱ្យគណៈកម្មការទូកងទាំង២ក្រុមខាងលើ ត្រូវចាត់ចែងការជួសជុលទូកងទាំងពីរនេះទៅតាមបច្ចេកទេសឱ្យបានសមស្រប លាបថ្នាំពណ៌និងរចនាក្បូរក្បាច់ឡើងវិញទៅតាមរចនាបទបុរាណខ្មែរ ព្រមទាំងត្រួតពិនិត្យលើភាពរឹងមាំ សុវត្ថិភាព និងត្រូវត្រៀមសម្ភារៈសម្រាប់អុំឱ្យបានគ្រប់គ្រាន់ជាដើម។
ក្រៅពីនេះ លោកអនុប្រធានក៏បានណែនាំឱ្យជ្រើសរើសក្រុមកីឡាករ និងកីឡាករបម្រុងឱ្យបានគ្រប់ចំនួន និងត្រូវបើកការហ្វឹកហាត់ ពង្រឹងស្មារតីឱ្យបានស្រុះគ្នា សាមគ្គីគ្នា ដើម្បីជាញជ័យក្នុងការប្រកួតនានា។
លោក ជា បូរ៉ា បានបញ្ជាក់ថា «ការចូលរួមប្រកួតទាំងថ្នាក់ខេត្ត និងថ្នាក់ជាតិ គឺពិតជាការពិសេសណាស់សម្រាប់ទូកងយើងទាំង២ ចាញ់ឈ្នះជារឿងធម្មតា ហើយក្នុងនាមជាកីឡាករ និងគណៈកម្មការទូកត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ សុជីវធម៌ និងស្មារតីសាមគ្គីជានិច្ច»។
លោកបានបន្ថែមថា នាពេលខាងមុខ លោកប្រធាន ថោង ខុន នឹងចុះមកជួបសំណេះសំណាល និងលើកទឹកចិត្តដោយផ្ទាល់។
ទោះយ៉ាងណា លោក ជា បូរ៉ា ក៏បានសន្យាឧបត្ថម្ភរាល់ការចំណាយលើការជួសជុល កែលម្អសោភ័ណភាព និងធ្វើជារឺម៉កសម្រាប់សណ្ដោងទូកងយកទៅប្រកួតនាពេលខាងមុខ ហើយក៏នៅតែបន្តតាមដានពីកិច្ចការពង្រឹងការងារទូកងនេះ រហូតដល់ចប់ការប្រកួតថ្នាក់ជាតិផងដែរ៕