(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើរដល់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម ដែលបានប្រឹងប្រែងទាក់ទាញ អ្នកវិនិយោគបរទេសមកកាន់កម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសឥណ្ឌូនេស៊ី។

ការថ្លែងអំណរគុណ និងកោតសរសើរដល់អ្នកឧកញ៉ា គិត ម៉េង បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,២៦៥នាក់ទៀត មកពីរោងចក្រ សហគ្រាសនានា ក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមអរគុណ និងកោតសរសើរ ដល់សភាពាណិជ្ជកម្ម ដែលជាវិស័យឯកជនរបស់យើង ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង [...] ខ្ញុំធ្វើការងារការទូត នយោបាយ-សេដ្ឋកិច្ច តែគាត់ធ្វើវិស័យធុរកិច្ច ព្រោះភាពជាដៃគូ រវាងរដ្ឋ និងឯកជន ត្រូវដើរជាមួយគ្នា»

ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាល មិនអាចធ្វើកិច្ចការងារ នៅក្នុងវិស័យធុរកិច្ចនោះទេ គឺទុកឲ្យអ្នកធុរកិច្ច ដែលជាអ្នកយល់អំពីកិច្ចការងារនេះ ជាអ្នកធ្វើការ ហើយរដ្ឋ និងឯកជនត្រូវរួមគ្នា ប្រឹងប្រែងទាក់ទាញ អ្នកវិនិយោគបរទេសមកកាន់កម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឲ្យដឹងផងដែរថា ដំណើរទៅកាន់ឥណ្ឌូនេស៊ី សម្តេចទាញប្រយោជន៍ផ្នែកសេដ្ឋកិច្ចបានច្រើនណាស់ រួមមាន៖ ការលើកអង្ករឲ្យឥណ្ឌូនេស៊ី បាន២៥ម៉ឺនតោន ក្នុងមួយឆ្នាំ, បើកការហោះហើរ ជាមួយឥណ្ឌូនេស៊ី ហ្វីលីពិន និងការសាងសង់បណ្តាញបញ្ជូនថាមពលទៅសិង្ហបុរី។

សូមរំលឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំ​កំពូល​អាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ តបតាមការអញ្ជើញរបស់លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន ចាប់ពីថ្ងៃទី០៤ ដល់ទី៧ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងឱកាសចូលរួម កិច្ចប្រជុំ​កំពូល​អាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសឥណ្ឌនេស៊ី ខាងលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញទទួលជួប ជាមួយនឹងថ្នាក់ដឹកនាំកំពូលៗ នៃបណ្ដាប្រទេសជាច្រើន ដោយទទួលបានផ្លែផ្លាគួរជាទីមោទនៈ៕