(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសចុះជួបកម្មករជិត២ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​មានប្រសាសន៍ថា ក្រៅពីចុះជួបជាមួយកម្មករ និយោជិតនៅតាមបណ្តារោងចក្រនានា សម្តេចក៏មានគម្រោងចុះជួបជាមួយអាជីវករ និង អ្នករកស៊ីក្រៅប្រព័ន្ធ នៅតាមផ្សារ ដើម្បីស្វែងយល់ពីទុក្ខលំបាក ​ក៏ដូចជារកដំណោះស្រាយជូនពួកគាត់។

​សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលទទួលស្គាល់ថា បច្ចុប្បន្ននេះបងប្អូនអាជីវករ និងអ្នករកស៊ីក្រៅប្រព័ន្ធ ​បានជួបបញ្ហាលំបាក និងការលក់ដូរ​មានការថយចុះ បន្ទាប់ពីមានការរាលដាលជំងឺកូវីដ១៩ បញ្ហាសង្រ្គាមភូមិសាស្រ្តនយោបាយជាដើម ដែលរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ទៅលើពួកគាត់​ និងដាក់ចេញគោលនយោបាយ ដើម្បីការពារដល់បងប្អូនប្រជាពលរដ្ឋ​ថែមទៀត។​

​សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់បន្តថា «​ខ្ញុំត្រូវគ្រោងជួបវិស័យឯកជន ហើយទៅមុខទៀត ខ្ញុំនឹងគ្រោងជួបជាមួយនឹងអាជីវករនៅតាមផ្សារតែម្តង ជួបជាមួយគាត់ស្តាប់គាត់ និងជួបជាមួយបងប្អូនខាងក្រៅប្រព័ន្ធទៀត ដើម្បីដឹងថាគាត់មានកង្វល់អី ខ្ញុំត្រូវជួយអីខ្លះ។»

​សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា នេះគឺជាអ្វីដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតែងតែគិតគូរជាប្រចាំ ជួយដល់ប្រជាពលរដ្ឋ អ្នករកស៊ី មិនថា សេដ្ឋកិច្ច ឡើងឬចុះនោះទេ ដើម្បីជួយដោះស្រាយការលំបាក ដល់អ្នករកស៊ីនិងអាជីវករទាំងក្នុង និងក្រៅប្រព័ន្ធ ដែលជាការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ។

សម្តេចបន្តទៀតថា«រឿងល្អរបស់កម្ពុជារបស់យើង យើងមិនមែននៅជាមួយគ្នាតែពេលសប្បាយទេ យើងក៏ត្រូវនៅជាមួយគ្នាមែនទែន ពេលដែលយើងលំបាក ។ នេះហើយដែលរាជរដ្ឋាភិបាលគណបក្សប្រជាជន គឺឱ្យតែពេលលំបាកបំផុត គឺមានមុខគណបក្សប្រជាជន ពេលហ្នឹង។ ហេតុនេះហើយទើបប្រជាជនពលរដ្ឋបោះឆ្នោតឱ្យជាង៦លាន២សែននាក់ មិនមែន ដោយចៃដន្យទេ គឺដោយសារពេលការលំបាក ឃើញមុខតែថ្នាក់ដឹកនាំ ជាពិសេសសម្តេចតេជោ និងថ្នាក់ដឹកនាំយើង ជាពិសេសកូវីដកន្លងទៅ។»

គួរជម្រាបថា ​ចាប់តាំងពីមានការរីករាលដាលជំងឺកូវីដ១៩ ការផ្ទុះសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ​សង្រ្គាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាច បញ្ហាអតិផរណា ក៏ដូចជាវិបត្តិសេដ្ឋកិច្ចពិភពលោក បានជះឥទ្ធិពលដល់ការលក់ដូររបស់បងប្អូនអាជីវករ និងអ្នករកស៊ី ទាំងក្នុង និងក្រៅប្រព័ន្ធ ដែលធ្វើឱ្យពួកគាត់ជួបបញ្ហាលំបាក៕