(កំពង់ស្ពឺ)៖ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់កម្មករ និងយោជិក ក៏ដូចជាប្រជាពលរដ្ឋ ដែលចង់ធ្វើដំណើរឆ្លងដែនទៅប្រទេសជិតខាងក្នុងគោលបំណងផ្សេងៗ ឱ្យមានភាពងាយស្រួល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យឧបនាយករដ្ឋមន្ត្រី នេត សាវឿន ធ្វើការជាមួយស្ថានប័នពាក់ព័ន្ធជាពិសេសខេត្តជាប់ព្រំដែន សំដៅធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ព្រំដែន ជាពិសេសដោះស្រាយរឿងកម្រៃក្រៅសេវាពាក់ព័ន្ធនឹងការធ្វើលិខិតស្នាមសម្រាប់ការឆ្លងដែនទៅប្រទេសជិតខាង។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងឱកាសបន្តជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,២៦៥នាក់ទៀត មកពីរោងចក្រ សហគ្រាសនានា ក្នុងខេត្តកំពង់ស្ពឺ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ខ្ញុំសុំប្រគល់ភារកិច្ចបន្តិចដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន សុំធ្វើការជាមួយនឹងគ្រប់ស្ថាប័ន នឹងខេត្តជាប់ព្រំដែនដែលពាក់ព័ន្ធទៅលើគ្រប់ច្រកចេញចូល ខ្ញុំស្តាប់លឺពីប្រជាពលរដ្ឋ ពលករ រឿងតម្លៃក្រៅផ្លូវការនេះច្រើនណាស់ ដែលគាត់ឆ្លងកាត់ត្រូវប្រឈម, ត្រូវរកវិធីនឹងដំណោះស្រាយដើម្បីកុំឱ្យពិបាកដល់បងប្អូនដែលត្រូវឆ្លងកាត់ សុំជួយធ្វើនឹងមួយ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញឱ្យឧបនាយករដ្ឋមន្ត្រី នេត សាវឿន ជួយធ្វើការសម្របសម្រួលជាមួយក្រសួងការពារជាតិ, ក្រសួងមហាផ្ទៃ , អគ្គនាយកដ្ឋានគយ និងរដ្ឋករផ្សេងៗ និងបណ្តាស្ថាប័នផ្សេងៗដែលពាក់ព័ន្ធជាមួយនឹងខេត្តជាប់ព្រំដែន ដើម្បីធ្វើយ៉ាងណាជួយរកដំណោះស្រាយណាមួយ ជួយសម្រួលដល់ការឆ្លងកាត់របស់ពលករ ដើម្បីកុំឱ្យមានការប្រឈមនឹងការលំបាកលើតម្លៃ ក្នុងការឆ្លងកាត់ព្រំដែននីមួយៗ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ដែរថា កងកម្លាំងគ្រប់លំដាប់ថ្នាក់ រួមទាំងមន្ត្រីពាក់ព័ន្ធផ្សេងៗ គឺបានខិតខំប្រឹងប្រែងធ្វើការងារណាស់ ក្នុងរយៈពេលកូវីដ១៩ កន្លងមក ដើម្បីធានានូវប្រក្រតីភាពទំនាក់ទំនង ជាមួយនឹងបណ្តាប្រទេសជិតខាង ដែលរួមមានការខិតខំទាំងបណ្តាអាជ្ញាធរខេត្ត ប៉ូលីស អាវុធហត្ថ គយ ដើម្បីសម្រួលនិងគ្រប់គ្រង លើការធ្វើដំណើរឆ្លងកាត់ព្រំដែននេះ។
សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងទៀតថា នាពេលកន្លងមក កងកម្លាំងគ្រប់លំដាប់ថ្នាក់ រួមទាំងមន្ត្រីពាក់ព័ន្ធទាំងអស់ បានខិតខំធ្វើការងារជាច្រើន តែក៏នៅមានការងារមួយចំនួន ជាពិសេសរឿងពាក់ព័ន្ធនឹងតម្លៃប្រជាពលរដ្ឋឆ្លងកាត់ព្រំដែននេះ សុំធ្វើយ៉ាងណារកដំណោះស្រាយមួយឱ្យមានចេរភាពតែម្តង ដើម្បីជួយដល់ពលករ ដែលធ្វើដំណើរទៅធ្វើការនៅក្រៅប្រទេសឱ្យមានភាពងាយស្រួល៕