(ភ្នំពេញ)៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ក្រោមការដឹកនាំបញ្ជារបស់លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការខណ្ឌ ក្រោយទទួលបានបណ្ដឹងពីប្រជាពលរដ្ឋភ្លាម បានធ្វើការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបជនសង្ស័យចំនួន៤នាក់ ក្នុងចំណោមបក្ខពួកចំនួន៦នាក់ ពាក់ព័ន្ធករណីធ្លាក់ និងកាប់ប្លន់យកម៉ូតូ នៅចំណុចផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតក្នុងភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ ដែលបង្ក្រាបបាននេះ រួមមាន៖ ទី១៖ឈ្មោះ ជា ឆៃហេង អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី២៖ឈ្មោះ ចាន់ រតនា អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី៣៖ឈ្មោះ អៀ គីមស្រ៊ន អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី៤៖ឈ្មោះ ដេត បញ្ញា អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកជនរងគ្រោះឈ្មោះ ផាត ភ័ណ អាយុ៣៣ឆ្នាំ មុខរបរជាងសំណង់ ទីលំនៅភូមិត្រកៀត ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ។

បើតាមសេចក្ដីរាយការណ៍ ជនសង្ស័យបានធ្វើសកម្មភាពប្លន់កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៥៖៤០នាទី ត្រង់ចំណុចផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតនៅភមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ រហូតដល់វេលាម៉ោង៥ ល្ងាចថ្ងៃទី០៨ ខែឆ្នាំដដែល សមត្ថកិច្ចបានស្រាវជ្រាវតាមបង្ក្រាបត្រង់ចំណុចឃ្លាំងជី ស្ថិតនៅភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង៤នាក់ រួមជាមួយវត្ថុតាងទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតីវិធីច្បាប់៕