(កំពង់ស្ពឺ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រូបភាពដែលសន្តិសុខឥណ្ឌូនេស៊ី បានរារាំគណៈប្រតិភូកម្ពុជា ក្នុងកំឡុងពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី គឺជាការយល់ច្រឡំផ្នែកពិធីការ។
ការចេញមកបញ្ជាក់បែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយ និងការបកស្រាយខុសពីការពិតរបស់ក្រុមប្រឆាំងតាមរយៈបណ្តាញព័ត៌មានដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា ថាគណៈប្រតិភូដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានរងភាពអាម៉ាស ដែលត្រូវអង្គរក្សឥណ្ឌូនេស៉ី រារាំងមិនឱ្យចូលរួមក្នុងកិច្ចប្រជុំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅប្រទេសឥណ្ឌូនេស៉ី។
ក្នុងឱកាសដែលសម្តេចបានអញ្ជើញបន្តជួបសំណេះសំណាលជាមួយកម្មករ និយោជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសនានា ក្នុងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ពេលបងប្អូនយើងទៅហ្នឹងរវាងអ្នកពិធីការឥណ្ឌូនេស៉ី នាំយើង និងខាងអង្គរក្ស កម្មវិធីគេសហការគ្នាអត់ដឹង គេស្មានតែយើងចូលមួយគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលដែលគេឱ្យចូលតែមេដឹងនាំ តាមពិតយើងទៅចូលរួមកិច្ចប្រជុំទ្វេភាគីមុនម៉ោង អ៊ឹចឹងបានមានការយល់ច្រឡំ»។
ជាមួយនឹងសកម្មភាពវីដេអូដែលអង្គរក្សឥណ្ឌូនេស៉ី បានឃាត់គណៈប្រតិភូកម្ពុជានោះដែរ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា នេះគឺជាការយល់ច្រឡំ សូម្បីតែខាងពិធីការរបស់ឥណ្ឌូនេស៉ី ក៏ត្រូវបានឃាត់មិនឱ្យចូលផងដែរ ប៉ុន្តែ ករណីនេះត្រូវបានដោះស្រាយភាពភ័ន្តច្រឡំភ្លាមៗតែម្តង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ក្នុងឋានៈជាអ្នកដឹកនាំប្រទេសកើតចេញពីការគាំទ្ររបស់ប្រជាពលរដ្ឋនោះ សម្តេចនឹងប្រឹងប្រែងបម្រើជាតិ និងប្រជាពលរដ្ឋ។ សមិទ្ធផលជោគជ័យនៃបេសកកម្មការងាររបស់ម្តេចនៅឥណ្ឌូនេស៊ី គឺជាសមិទ្ធផលសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងមូល មិនមែនជាសមិទ្ធផលផ្ទាល់ខ្លួនរបស់សម្តេចនោះឡើយ។
បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្រាប់ការអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលនៅឥណ្ឌូនេស៊ី មមាញឹកខ្លាំងរហូតដាច់បាយក៏មាន ហើយការអញ្ជើញទៅប្រជុំនៅឥណ្ឌូនេស៊ី មិនមែនទៅដើម្បីសម្ញែងនោះទេ គឺជាបេសកកម្មដើម្បីប្រយោជន៍ជាតិ។ រាល់ជំនួបជាមួយមិត្តភក្តិបរទេសនៅឥណ្ឌូនេស៊ី ទទួលសម្តេចក្នុងឋានៈនាយករដ្ឋមន្ត្រី អត់មានមេដឹកនាំណាមិនទទួលស្គាល់នោះឡើយ។
គួរឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមកិច្ចប្រជុំជាបន្តបន្ទាប់ដែលជារបៀបវារៈរបស់អាស៊ាន រួមមាន៖ ពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលចង្អៀតរបស់អាស៊ានលើកទី៤៣, ពិធីបើកវេទិកាអាស៊ាន-ឥណ្ឌូប៉ាស៊ីហ្វិក ដែលជាវេទិកាថ្មីសម្រាប់អាស៊ាន, កិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៦, កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២៤, កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២៦, កិច្ចប្រជុំកំពូលអាស៊ានបូក៣ (ចិន ជប៉ុន កូរ៉េខាងត្បូង) លើកទី២៦, កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី១១, កិច្ចប្រជុំកំពូលអាស៊ាន កាណាដា, កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី២០, កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៨, កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី៣, កិច្ចប្រជុំកំពូល អាស៊ាន-អង្គការសហប្រជាជាតិលើកទី១៣ និងពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធរួមជាមួយការប្រគល់តំណែងប្រធានអាស៊ានទៅប្រទេសឡាវ។
ក្រៅតែពីការអញ្ជើញចូលរួមកិច្ចប្រជុំដែលជារបៀបវារៈរបស់អាស៊ានហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសបង្ហាញមុខក្នុងបេសកកម្មការទូតលើកដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រីរបស់កម្ពុជា ក៏បានឆ្លៀតជួបជាមួយមេដឹកនាំប្រទេសសមាជិកអាស៊ាន និងមេដឹកនាំ ប្រទេសដៃគូសន្ទនារបស់អាស៊ានផងដែរ។ ជំនួបនេះ ជាការសម្តែងការគួរសម និងជាការស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងក្នុងឋានៈជាមេដឹកនាំថ្មីថ្មោងរបស់កម្ពុជា។
ក្នុងបេសកកម្មការទូតជាលើកដំបូងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងវេទិកា អា ស៊ាន បាននាំឱ្យមានការចាប់អារម្មណ៍ខ្ពស់ពីសាធារណៈមតិជាតិ និងអន្តរជាតិផងដែរ។ ចាប់អារម្មណ៍ក៏ព្រោះតែសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមេដឹកនាំប្រទេសសមាជិកអាស៊ានថ្មី និង បង្ហាញវត្តមានលើកដំបូងក្នុងវេទិកាអាស៊ាន ហើយក៏ជាមេដឹកនាំដែលមានវ័យក្មេងជាងគេ ក្នុងចំណោមមេដឹកនាំអាស៊ាន និងមេដឹកនាំដៃគូសន្ទនារបស់អាស៊ាន។
តាមរយៈវេទិកានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញឱ្យឃើញពីឥរិយាបថនយោបាយការបរទេស និងជំហរនយោបាយនានាសម្រាប់បញ្ហាក្នុងតំបន់ ក៏ដូចជាលើឆាកអន្តរជាតិ តាមរយៈសុន្ទរកថាគន្លឹះរបស់សម្តេចក្នុងកិច្ចប្រជុំនានានោះ។ ក្នុងនោះតាមរយៈការ ថ្លែងសុន្ទរកថា ជាភាសាអង់គ្លេសក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២៣ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវវ័យកោតសរសើរ និងបង្ហាញពីមោទនភាពរបស់ពួកគេចំពោះសមត្ថភាពចំណេះដឹងផ្នែកភាសារបស់សម្តេចធិបតីប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕