(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានថ្លែងនូវការអរគុណ ចំពោះប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងមិត្តភក្តិបរទេស ដែលបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារជោគជ័យ ដែលកម្ពុជាសម្រេចបាន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅប្រទេសឥណ្ឌូនេស៉ី កាលពីថ្ងៃទី៤-៧ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ។
សម្តេចបញ្ជាក់ថា សមិទ្ធផលជោគជ័យនៃបេសកកម្មការងាររបស់សម្តេច នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននេះ គឺជាសមិទ្ធផល សម្រាប់ប្រជាពលរដ្ឋខ្មែរទាំងមូល មិនមែនជាសមិទ្ធផល សម្រាប់តែខ្លួនសម្តេចផ្ទាល់នោះទេ។
សម្តេចសង្កត់ធ្ងន់ថា ការអញ្ជើញទៅប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលមានការចូលរួមពីប្រទេសអាស៊ាន និងប្រទេសមហាអំណាច នៅលើពិភពលោក មិនមែនទៅដើម្បីសម្ញែងនោះទេ គឺជាបេសកកម្មដើម្បីប្រយោជន៍ជាតិ។
ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសបន្តចុះជួបកម្មករជិត ២ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំឃើញមានការអត្ថាធិប្បាយច្រើនណាស់ ពាក់ព័ន្ធនឹងការធ្វើទស្សនកិច្ចរបស់ខ្ញុំ ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសឥណ្ឌូនេស៉ី ហើយខ្ញុំអរគុណដល់ប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាមិត្តបរទេសមួយចំនួន តាមសារព័ត៌មាន ដែលបានវាយតម្លៃខ្ពស់ទៅលើសមិទ្ធផលនៃទស្សនកិច្ច។ សមិទ្ធផលដែលខ្ញុំទៅធ្វើនេះ មិនមែនជាសមិទ្ធផលសម្រាប់ខ្ញុំទេ គឺជាសមិទ្ធផលសម្រាប់កម្ពុជា ព្រោះខ្ញុំទៅក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងនាមជាប្រមុខ និងជាតំណាងជាន់ខ្ពស់ប្រជាជនកម្ពុជា អីចឹងសមិទ្ធផលដែលទទួលនេះ គឺសម្រាប់ប្រជាជនខ្មែរយើងទាំងអស់ ហើយយើងបានទទួលនូវការគាំទ្រ និងការស្វាគមន៍យ៉ាងកក់ក្តៅពីបណ្តាប្រទេសទាំងអស់ នៅលើពិភពលោកដែលចូលរួមក្នុងកិច្ចប្រជុំនៅទីនោះ ទាំងមហាអំណាអាមេរិក ជប៉ុន អូស្ត្រាលី ឥណ្ឌា និងប្រទេសផ្សេងៗទៀត»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងការកិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៉ី គឺជាកិច្ចប្រជុំដ៏មមាញឹកមួយ ដែលពេលខ្លះថ្នាក់ដឹកនាំនៃប្រទេសនានារួមទាំងសម្តេចផងនោះ ប្រជុំរហូតដល់មិនមានពេលទទួលទានអាហារ។ ដោយគ្រាន់តែកិច្ចប្រជុំផ្លូវការក្នុងក្របខណ្ឌអាស៊ាន បូកជាមួយប្រទេសមហាអំណាច មានរហូតដល់១៦អង្គប្រជុំ ក្នុងពីនោះប្រទេសនីមួយៗ ឆ្លៀតជួបប្រជុំទ្វេភាគីជាច្រើនថែមទៀត។
សម្តេចនាយករដ្ឋមន្ត្រីបន្ថែមថា «សំណួរសួរថា តើឯកឧត្តម ហ៊ុន ម៉ាណែត ទៅហ្នឹង [ប្រជុំអាស៊ាន] ទៅធ្វើអី? មេដឹកនាំប្រទេសមួយៗ ទៅចូលប្រជុំ ពីមុនសម្តេចតេជោ ទៅប្រជុំរាល់ដងធ្វើអី ? ទៅគ្រាន់តែធ្វើការងារបង្ហាញរូបភាព ស្លៀកពាក់ស្អាត ចូលរួមថតរូប អត់ទេ សាច់រឿងដែលថ្នាក់ដឹកនាំប្រទេសនីមួយ រួមទាំងខ្ញុំ ដែលជាតំណាងកម្ពុជា យើងទៅនេះ គឺមិនមែន ដើម្បីសម្តែង សម្ញែងនោះទេ ប៉ុន្តែទៅធ្វើការងារសំខាន់ ដើម្បីប្រទេសជាតិ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការងារធំបីដែលសម្តេចបានធ្វើដើម្បីជាតិរួមមាន៖ ទី១ គឺការងារការទូត ក្នុងនាមជាប្រមុខរាជរដ្ឋាលកម្ពុជា ពិសេសក្នុងនាមជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា ចំពោះពេលដែលមានកិច្ចប្រជុំកំពូលអាស៊ានដែលមានថ្នាក់ដឹកនាំអាស៊ានទាំងអស់ចូលរួម បូករួមប្រទេសមហាអំណាចផ្សេងៗទៀត ដើម្បីភ្ជាប់ទំនាក់ទំនង និងបន្តទំនាក់ទំនងការទូត ដោយស្មើមុខស្មើមាត់។ ទី២៖ ការជួបទ្វេភាគី ដើម្បីបញ្ជាក់នូវទំនាក់ទំនងជាមួយប្រទេសជិតខាង និងប្រទេសផ្សេងៗនៅលើពិភពលោក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត និងទី៣៖ គឺការងារសេដ្ឋកិច្ច ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និងការទាក់ទាញវិនិយោគមកកម្ពុជា ដោយក្នុងនោះមានទាំងពីការជំរុញការនាំចេញអង្ករ ទៅប្រទេសឥណ្ឌូនេស៉ី, កិច្ចសហប្រតិបត្តិការវិស័យកសិកម្ម និងសហគ្រាសធនតូច និងមធ្យមជាមួយហ្វីលីពីន និងជំរុញឱ្យការបង្កើតកូតា សម្រាប់ពលករខ្មែរទៅកូរ៉េខាងត្បូងជាដើម៕