(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​និងលោក គីស៊ីដា ហ្វូមីអុ នាយករដ្ឋមន្ត្រីជប៉ុន បានសន្យាធ្វើការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធ ដើម្បីពង្រឹង​ទំនាក់​ទំនង «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ក៏ដូចជាដោះស្រាយបញ្ហាអន្តរជាតិមួយចំនួន​ទៀត។

ការសន្យានេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងសម្តេចធិបតីនាយករដ្ឋមន្ត្រី និង​លោក​នាយករដ្ឋមន្ត្រីជប៉ុន នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣។ ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ជាទីដែលសម្តេចធិបតី ហ៊ុន ម៉ាណែត និង​លោកនាយករដ្ឋមន្ត្រីជប៉ុន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូល​ពាក់​ព័ន្ធ​ដទៃទៀត។

យោងតាមការចេញផ្សាយរបស់ក្រសួងការបរទេសជប៉ុន បានឱ្យដឹងថា នៅក្នុងជំនួបនោះ លោកនាយកដ្ឋមន្ត្រី គីស៊ីដា បានអបអរសាទរសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលទទួលបានការ​គាំ​ទ្រពីប្រជាពលរដ្ឋ និងរដ្ឋសភាឱ្យដឹកនាំរាជរដ្ឋាភិបាលក្នុងនីតិកាលថ្មីនេះ។

លោកនាយករដ្ឋមន្ត្រីជប៉ុន ក៏បានបានបង្ហាញពីឆន្ទៈចង់ធ្វើការជាមួយសម្តេចធិបតីនាយក​រដ្ឋ​មន្ត្រីឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅ ដើម្បីពង្រឹងទំនាក់ទំនង «ភាពជាដៃគូយុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ» ដែលត្រូវបានដាក់ចេញនៅក្នុងឆ្នាំ២០២៣នេះ។

បន្ថែមពីលើការពង្រឹងទំនាក់ទំនងទ្វេភាគីហើយនោះ លោកនាយករដ្ឋមន្ត្រីជប៉ុន ក៏ចង់ធ្វើការ​ជិតស្និទ្ធជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងរក្សា និងពង្រឹងសេរីភាព និងការបើកចំហ​សណ្ដាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់អន្តរជាតិនានា។

ក្នុងជំនួបនោះ លោកនាយករដ្ឋមន្ត្រីគីស៊ីដា បានបង្ហាញពីឆន្ទៈរបស់ជប៉ុន ពង្រឹងកិច្ច​សហ​ប្រតិ​បត្តិការសន្តិសុខ តាមរយៈកិច្ចសន្ទនារវាងកងកម្លាំងជើងគោកស្វ័យការពារជប៉ុន និងកងយោធ​ពល​​ខេមរភូមិន្ទ រួមទាំងការធ្វើទស្សនកិច្ចដោយកងកម្លាំងជើងទឹកស្វ័យការពារជប៉ុន ទៅកាន់​មូល​ដ្ឋានទ័ពជើងទឹករាមជាដើម។

លោក គីស៊ីដា ក៏បានបង្ហាញពីឆន្ទៈរបស់ជប៉ុន ក្នុងការបន្តធ្វើកិច្ចសហប្រតិបត្តិការ​ដើម្បី​សេដ្ឋ​កិច្ច និងការអភិវឌ្ឍសង្គមកម្ពុជា ជាពិសេសលើផ្នែកឌីជីថល ដែលបច្ចុប្បន្នកម្ពុជា ក៏កំពុងប្រើប្រាស់នូវបច្ចេកវិទ្យាជប៉ុនដែរនោះ។

លោកនាយករដ្ឋមន្ត្រីជប៉ុន បន្តថា ជប៉ុននឹងបន្តគាំទ្រដល់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និងដឹងគុណជប៉ុន ចំពោះ​ការចូលរួមចំណែកនៅក្នុងសន្តិភាពរបស់កម្ពុជា ក៏ដូចជាការកសាងកម្ពុជាឡើងវិញ ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។

ពាក់ព័ន្ធបញ្ហាសន្តិសុខសម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យសន្តិសុខ គឺជា​ផ្នែក​មួយដ៏មានសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ សម្តេចធិបតី បានអះអាងថា នឹងអភិវឌ្ឍកិច្ច​សហប្រតិបត្តិការនេះ មិនត្រឹមតែជាមួយ កងកម្លាំងជើងគោក​ស្វ័យការពារ​ជប៉ុន​ណ្ណោះទេ តែក៏ជាមួយកងកម្លាំងជើងទឹកស្វ័យការពារជប៉ុនផងដែរ ហើយកម្ពុជាបន្តបើក​កំពង់​ផែ​សមុទ្ររាមស្វាគមន៍ជប៉ុន។

សម្តេចធិបតី ក៏បានបង្ហាញពីឆន្ទៈបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយជប៉ុនលើវិស័យនានា រួមទាំងវិស័យឌីជីថល ដែលរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់លើវិស័យមួយនេះ។

មេដឹកនាំនៃប្រទេសទាំង២ ក៏បានព្រមព្រៀងគ្នាធ្វើការងារឱ្យកាន់តែជិតស្និទ្ធ ពាក់ព័ន្ធកិច្ចការ​ក្នុងតំបន់ និងអន្តរជាតិ ក្នុងនោះរួមមានការដោះស្រាយបញ្ហាកម្មវិធីមីស៊ីល និងអាវុធ​នុយ​ក្លេអ៊ែរជាដើម។

បើតាមក្រសួងការបរទេសជប៉ុន ក្នុងជំនួបនោះ លោកនាយករដ្ឋមន្ត្រី គីស៊ីដា បានលើកឡើងពី «គំនិតផ្ដួចផ្ដើមផ្សារភ្ជាប់គ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន» ដែលទើបតែត្រូវបានប្រកាស​កាល​ពី​ពេលថ្មីៗនេះ ហើយលោកនាយករដ្ឋមន្ត្រីជប៉ុន​រំពឹងថា​ចក្ខុវិស័យថ្មីនេះ នឹងមានកិច្ចសហ​ប្រតិ​​ការ​យ៉ាងទូលំទូលាយថែមទៀត ក្នុងពេលប្រារព្ធខួបលើកទី៥០ឆ្នាំ នៃទំនាក់ទំនងមិត្តភាពអាស៊ាន-ជប៉ុន នៅខែធ្នូ ឆ្នាំ២០២៣នេះ៕