(ភ្នំពេញ)៖ កម្លាំងជំនាញនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលដោយលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ រ៉ែម គង់នៅដារ៉ា អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ ដែលបានបង្កើតប្រព័ន្ធទំនាក់ទំនងសង្គមតេឡេក្រាម (Telegram) ដោយប្រើប្រាស់រូប និងឈ្មោះរបស់ថ្នាក់ដឹកនាំ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអះអាងថា ជនសង្ស័យរូបនេះ បានបង្កើតគណនីតេលេក្រាម ដោយដាក់ឈ្មោះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ អគ្គមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងដាក់ឈ្មោះ ទេសរដ្ឋមន្ត្រី គន់ គីម ដោយបានធ្វើសកម្មភាពទាក់ទងទៅអ្នកមានទំនាក់ទំនងស្គាល់ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ និងទេសរដ្ឋមន្ត្រី គន់ គីម ដើម្បីឆបោកឲ្យផ្ញើប្រាក់ ក្រោមរូបភាពគៀរគរប្រាក់យកទៅជួយគ្រួសារទ័ព។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានចេញសេចក្តីបដិសេធ លើគណនីតេឡេក្រាម (Telegram) មួយដាក់ឈ្មោះ Mao Sophan និងរូបថតលោក ដែលបានផ្ញើសារទៅអ្នកដទៃគៀរគរប្រាក់ និងបានស្នើសុំឲ្យសមត្ថកិច្ចស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់។
រំលងបានប៉ុន្មានថ្ងៃ ពោលនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ទេសរដ្ឋមន្រ្តី គន់ គីម ក៏បានប្រកាសឲ្យសមត្ថកិច្ចស្រាវជ្រាវរកជនសង្ស័យដែលបានបង្កើតតេឡេក្រាម (Telegram) ដោយដាក់រូបថត និងឈ្មោះ «គន់ គីម» ផងដែរ។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់បន្ត៕