(ឧត្តរមានជ័យ)៖ រថយន្តមួយគ្រឿងត្រូវបានទឹកហូរធ្លាក់ផ្លូវ ខណៈកំពុងបើកបរឆ្លងកាត់ទំនប់បង្ហៀរដែលមានទឹកហូរខ្លាំង។ ករណីនេះបានកើតឡើងនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

លោកវរសេនីយ៍ឯក ស៊ូ នូវ អធិការនគរបាលស្រុកអន្លង់វែង បានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្ដដឹកទឹកសុទ្ធ១គ្រឿង ម៉ាកស្តារិច បានបើកឆ្លងទំនប់បង្ហៀរ ប្រវែង៣០០ម៉ែត្រក្នុងទិសដៅពីជើងទៅត្បូង ដែលទឹកកំពុងតែឡើងមានកម្ពស់ទឹក ០.៥០ម៉ែត ពីលើខ្នងទំនប់ ពេលរថយន្តកំពុងបើកឆ្លងទំនប់ ចៃដន្យបានរលត់ម៉ាសុីន បណ្ដាលឲ្យទឹកបោកឡានប៉ើងធ្លាក់ពីលើទំនប់ ដោយម្ចាស់ឡាន២នាក់ប្តីប្រពន្ធបានចុះចេញទាន់ ពុំមានគ្រោះថ្នាក់នោះទេ។

លោកអធិការស្រុកអន្លង់វែង បញ្ជាក់ថា អ្នកបើកបររថយន្ដមានឈ្មោះ ហ៊ីម ម៉េងហួរ អាយុ២៤ឆ្នាំ ចំណែកអ្នករួមដំណើរជាប្រពន្ធមានឈ្មោះ រិទ្ធ ស្រីណា អាយុ២១ឆ្នាំ មានទីលំនៅភូមិពាក់ស្នែង ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប មានមុខរបរដើរលក់ទឹកបរិសុទ្ធ។

លោក ស៊ូ នូវ បានអះអាងថា ដោយអនុវត្តតាមការណែនាំពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ កម្លាំងនគរបាលស្រុកអន្លង់វែង បានយកចិត្តទុកដាក់ពីការការពារសន្តិសុខ សណ្តាប់នៅក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋ ពិសេសតំបន់ដែលងាយរងគ្រោះផ្សេងៗ។ ជាក់ស្តែងស្របពេលដែលទឹកកំពុងហក់ឡើងតាមតំបន់មួយចំនួន កម្លាំងសមត្ថកិច្ចនគរបាលស្រុកបានឈរចាំអន្តរាគមន៍ ដើម្បីជួយសង្រ្គោះ២៤ម៉ោងលើ២៤ម៉ោង៕