(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះរាំងស្ងួត ដែលមានជីវភាពខ្វះខាត ចំនួន១៦២គ្រួសារ រស់នៅក្នុងភូមិសាករ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ថ្លែងក្នុងឱកាសនោះ លោក សុខ លូ បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋជួបការលំបាក ទីទ័លក្រ មានជំងឺ ជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ប្រកាន់យកនូវ អនាម័យល្អ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ត្រូវខិតខំប្រឹងប្រែងបង្កបង្កើនផល និងប្រកបមុខរបរផ្សេងៗ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារបានល្អប្រសើរឡើង។
លើសពីនេះ លោកជម្រាបជូនអំពីការប្រែប្រួលអាកាសធាតុ បានបង្កឲ្យតំបន់ខ្លះ នៃខេត្តបាត់ដំបង រងគ្រោះមហន្តរាយធម្មជាតិ ដោយជំនន់ទឹកភ្លៀង ហើយតំបន់ខ្លះទៀតទទួលរងគ្រោះរាំងស្ងួត ដែលបានផ្តល់ផលប៉ះពាល់ដល់ជីវភាពរស់នៅ ការប្រកបរបរ និងការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ។
លោកបាននាំនូវសារអំពាវនាវរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជម្រាបជូនប្រជាពលរដ្ឋទាំងអស់ ដែលមានខ្លឹមសារផ្តោតលើសារៈសំខាន់ នៃការថែទាំសុខភាពរបស់ប្រជាពលរដ្ឋ ស្ត្រីមានផ្ទៃពោះ និងការឆ្លងជំងឺគ្រុនឈាម និងជំងឺនានា ការកសាងភាពធន់ក្នុងសហគមន៍ ដើម្បីភូមិឃុំមានសុវត្ថិភាព គ្មានគ្រឿងញៀន គ្មានអំពើចោរកម្ម គ្មានអំពើហិង្សា និងត្រូវគិតគូរពីសុវត្ថិភាពចរាចរណ៍ជាដើម។
អំណោយដែលបានចែកជូនក្នុងគ្រួសារនីមួយៗ ទទួលបាន៖ អង្ករ មី ទឹកបរិសុទ្ធ ភេសជ្ជ ត្រីខ ទឹកត្រី និងទឹកស៉ីអ៉ីវ៕